គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានឹងបណ្តុះបណ្តាលឲ្យអត្តពលិកជនពិការជំនាញដល់៣៥០ នាឆ្នាំ២០២៣

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាសហការជាមួយក្រសួងអប់រំ យុវជន និង កីឡាតាមរយៈCADAនិងនាយកដ្ឋានអប់ រំកាយនិងកីឡា បានរៀបចំសិក្ខាសាលា ប្រឆាំងដូប៉ា/ដូពិង រយៈពេល២ថ្ងៃ ពីថ្ងៃទី២៩ដល់៣០ កក្កដា ឆ្នាំ២០២០ មានសិក្ខាកាម៥០នាក់ ជាមន្រ្តី វេជ្ជបណ្ឌិត គ្រូពេទ្យព្យាបាលដោយចលនា គ្រូបង្វឹក និងអត្តពលិកមកពី៩ប្រភេទកីឡានៅមជ្ឈមណ្ឌលជាតិជនពិការតេជោសែន ។
ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ឆ្ពោះទៅអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ សម្រាប់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយយើងត្រូវបណ្តុះបណ្តាលធនធានក្នុងស្រុក រួមមានអាជ្ញាកណ្តាល គ្រូបង្វឹក ក្រុមគ្រូពេទ្យព្យាបាលដោយចលនា ដើម្បីជួយដល់ក្រុមអត្តពលិកជនពិការឲ្យទទួលបានជោគជ័យ។
ឯកឧត្តមបានបន្តថា លោកបានជួបជាមួយសហព័ន្ធកីឡាជនពិការអាស៊ី និងសហព័ន្ធកីឡាជនពិការពិភពលោកតាមអនឡាញ ដើម្បីជួយបង្ហាត់បង្រៀនរកធនធានបច្ចេកទេសក្នុងស្រុក ដើម្បីកាត់បន្ថយការចំណាយថវិកាជាតិ ដូច្នេះយើងនឹងកាត់បន្ថយអាជ្ញាកណ្តាលអន្តរជាតិបានមួយចំនួនថែមទៀត។សព្វថ្ងៃនេះគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មានកីឡាករ-កីឡាការិនីជនពិការជំនាញចំនួន១២៥នាក់ ត្រៀមដណ្តើមមេដាយជូនជាតិ។
ឯកឧត្តមអគ្គលេខាបានបន្ថែមទៀតថា ក្នុងនាមម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ត្រូវបណ្តុះបណ្តាលឲ្យកីឡាករ-កីឡាការិនីជនពិការជំនាញចំនួន៣៥០នាក់ ឲ្យដូចបណ្តាប្រទេសដទៃដូចជា ម៉ាឡេស៊ី ថៃ និងវៀតណាម មានកីឡាករ-កីឡាការិនីជនពិការជំនាញចំនួនពី៤០០ទៅ៥០០នាក់ឯណោះ៕