ក្រសួងពាណិជ្ជកម្មនឹងចាត់វិធានការក្តៅចំពោះក្រុមហ៊ុនផលិតផលចិញ្ចឹមទារក និងកុមារដែលបំពានច្បាប់

វិទ្យុជាតិកម្ពុជា៖ ស្រីផល
ភ្នំពេេញ៖ ក្រសួងពាណិជ្ជកម្ម នឹងចាត់វិធានការផ្អាកជាបណ្តោះអាសន្ន និងដកហូតចេញពីទីផ្សារចំពោះការដាក់លក់ផលិតផល សម្រាប់ចិញ្ចឹមទារក និងកុមារណាមួយដែលខុសនិងច្បាប់របស់ក្រសួង។

យោងតាមសេចក្តី ជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម បានព្រមានចាត់វិធានការផ្អាកជាបណ្តោះអាសន្ន និងដកហូតចេញពីទីផ្សារនូវផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារប្រភេទណាមួយ មិនបានអនុវត្តតាមខ្លឹមសារ ឬមិនបានបំពេញ តាមលក្ខខណ្ឌតម្រូវផ្សេងៗទៀតរបស់ក្រសួង។

វិធានការរបស់ក្រសួងពាណិជ្ជកម្មនេះ បានធ្វើឡើងក្រោយពីសង្កេតឃើញថា ការចរាចរផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ នៅលើទីផ្សារមួយចំនួន មិនបានអនុវត្តតាមខ្លឹមសារ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ (ឧបសម្ព័ន្ធ ១) និងប្រកាសរួម ស្តីពីការអនុវត្តអនុក្រឹត្យស្តីពីការផ្សព្វផ្សាយលក់ផលិតផល សម្រាប់ចិញ្ចឹមទារក និងកុមារ ដោយមិនទាន់បំពេញ កាតព្វកិច្ចរបស់ខ្លួន នៅលើសំបកវេចខ្ចប់ ជាប់នឹងផលិតផលរបស់ខ្លួន ដូចជា ការបង្ហាញណែនាំអំពីវិធីប្រើផលិតផលជាភាសាខ្មែរ និងជាពិសេសពាក្យថា «គ្មានអ្វីប្រសើរជាងការបំបៅ កូនដោយទឹកដោះ ម្តាយ តែមួយមុខគត់រហូតបាន ៦ខែ និងបន្តការបំបៅដោះម្តាយ រហូតបានអាយុ ២ឆ្នាំ ឬលើសឡើយ»។

ក្រសួងបានបញ្ជាក់ថា ដើម្បីលើកទឹកចិត្តឱ្យមានការបំបៅកូន ដោយទឹកដោះម្តាយ និងការធ្វើពាណិជ្ជកម្មដោយសុចរិត ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនដល់ក្រុមហ៊ុន ធ្វើអាជីវកម្មនាំចូល ចែកចាយ និងផ្គត់ផ្គង់ផលិតផល សម្រាប់ចិញ្ចឹមទារក និងកុមារទាំងអស់ សូមអនុវត្តឱ្យបានត្រឹមត្រូវ តាមខ្លឹមសារច្បាប់ និងឯកសារគតិយុត្ត ដែលកំពុងមានជាធរមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រសួងបានបញ្ជាក់ទៀតថា ក្នុងរយៈពេល ៣០ថ្ងៃ បន្ទាប់ពីថ្ងៃចេញ សេចក្តីជូនដំណឹងនេះ ប្រសិនបើមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម រកឃើញផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារប្រភេទណាមួយ មិនបានអនុវត្តតាមខ្លឹមសារ ឬមិនបានបំពេញតាមលក្ខខណ្ឌតម្រូវផ្សេងៗទៀត ក្រសួង នឹងចាត់វិធានការផ្អាកជាបណ្តោះអាសន្ននូវការចរាចរ និងដកហូតចេញពីទីផ្សារ ឬអនុវត្តនីតិវិធីផ្សេងៗទៀត ដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិជាធរមានផ្សេងៗទៀត ដោយមិនលើកលែង៕