ចុងឆ្នាំ២០២០ខាងមុខនេះកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌នៅខេត្តតាកែវមានសមត្ថភាពអាចផលិតទឹកដោះគោស្រស់១ម៉ឺនលីត្រក្នុងមួយថ្ងៃ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៩ ០៧ ២០២០


MC៖នៅចុងឆ្នាំ២០២០ខាងមុខនេះកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌នៅខេត្តតាកែវ មានសមត្ថភាពអាចផលិតទឹកដោះគោស្រស់១ម៉ឺនលីត្រក្នុងមួយថ្ងៃ ដើម្បីបំពេញសេចក្តីត្រូវរបស់ប្រជាពលរដ្ឋកម្ពុជា។
លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk Co., Ltd. និងជាប្រតិបត្តិករកសិដ្ឋាន ចិញ្ចឹមគោយកទឹកដោះគិរីសួគ៌បានមាន ប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា កសិដ្ឋានរបស់លោកបាននាំសត្វគោលំដាប់ពិភពលោក ប្រភេទ Holstein heifers ចំនួន៥៥០ក្បាល ពីប្រទេសអូស្រ្តាលី មកកាន់កម្ពុជា ដើម្បីចិញ្ចឹមយកទឹកដោះ សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងប្រទេស ។ លោកបានបន្តថា បច្ចុប្បន្នកសិដ្ឋានរបស់លោកអាចផលិតទឹកដោះគោទើបតែបានពី២៥ ទៅ ៣០ លីត្រក្នុងមួយតែប៉ុណ្ណោះ ។ ប៉ុន្តែនៅចុងឆ្នាំ២០២០ខាងមុខនេះ កសិដ្ឋានរបស់លោកនឹងអាចផលិតទឹកដោះគោបានចំនួន ១ ម៉ឺនលីត្រក្នុងមួយថ្ងៃ ។
លោកបានបញ្ជាក់ថា សុខភាពគឺជាបញ្ហាចម្បង ដូច្នេះទឹកដោះគោស្រស់ដែលចេញពីកសិដ្ឋានរបស់លោក គឺសុទ្ធនិងមាន គុណភាពល្អសម្រាប់ប្រជាពលរដ្ឋដែលជាអ្នកទទួលទាន ។
សំឡេង « យើងជឿរជាក់ថាយើងអាចប្រកួតប្រជែងបាន ដោយភាពទំនើបកម្មនៃម៉ាស៊ីន ហើយជាពិសេសភាពស្រស់នៃទឹកដោះគោ ព្រោះទឹកដោះគោស្រស់និងទឹកដោះគោសុទ្ធដែលយើងទុកបានគឺរយៈពេលខ្លី ជាទូទៅបាន២ទៅ៣ សប្តាហ៍នៅលើទីផ្សារ ដោយទុកក្នុងសីតុណ្ហភាព ៤ អង្សាសេ ។ ប៉ុន្តែរបស់ដែលនាំចូលគេទាមទាររយៈពេលយូរក្នុងការនាំចូលដូចជាប្រទេសថៃនិងប្រទេសផ្សេងៗទៀត ។ការនាំចូលមកស្រុកខ្មែរត្រូវការរយៈ១ថ្ងៃទៅ២ថ្ងៃ ទើបមកទីផ្សារហើយការដឹកជញ្ជូនក៏មានបញ្ហាផងដែរទូក្លាសេមិនប្រក្រតី ប៉ុន្តែទឹកដោះគោរបស់យើងគឺនៅត្រឹមភ្នំតាម៉ៅ ជិតនិងទីផ្សារនៅភ្នំពេញត្រូវការរយៈពេលតែ១ម៉ោងទៅ១ម៉ោងជាងដល់ទីផ្សារហើយ អញ្ចឹងភាពស្រស់និងភាពសុទ្ធរបស់យើង ថែមទាំង បច្ចេកទេសទំនើបនៃម៉ាស៊ីនយើងទៀត ខ្ញុំជឿរថាផលិតផលរបស់យើងនិងស្រស់ និងសុទ្ធដែលជាកត្តាមួយអាចប្រកួតប្រជែងក្នុងទីផ្សារបាន » ។
លោកបានបញ្ជាក់ថា កសិដ្ឋានរបស់លោកមានផ្ទៃដីចំនួន ៣០០ហិកតា ហើយក្នុងនោះជាង ២០០ហិកតា សម្រាប់ដាំដំណាំធ្វើជាចំណីសត្វគោមានដូចជា ស្មៅស្តៃឡូ (Stylo) មូមបាសា (Mombasa) និងពោតជាដើម ហើយយើងមានបន្ថែមដូចជា កន្ទក់ ម្សៅសណ្តែក ដើម្បីលាយសម្រាប់ឲ្យគោវាស៊ីផងដែរ ។
លោក ឈរ រិទ្ធី បន្តថា លោកចង់បណ្តុះ បណ្តាលប្រជាជននៅក្នុងមូលដ្ឋាន និងនិស្សិតផ្នែកកសិកម្ម អាចមកសិក្សាស្វែងយល់នៅកសិដ្ឋានរបស់លោក ពីបច្ចេកទេសក្នុងការចិញ្ចឹមគោយកទឹកដោះ ការថែទាំ និងការកែច្នៃផលិតផលទឹកដោះគោ ។ លោកជួយបង្កើតមុខរបបដល់ប្រជាពលរដ្ឋនៅតំបន់នោះ ដោយឲ្យគាត់ដាំស្មៅ និងពោត សម្រាប់លក់ឲ្យកសិដ្ឋានរបសើលោកផងដែរ ។
សូមបញ្ជាក់ថា ទឹកដោះគោស្រស់មានប្រយោជន៍ច្រើនដល់សុខភាពដោយសារទឹកដោះគោស្រស់សម្បូរដោយវីតាមីន និងជាតិរ៉ែ ៕