ខេត្តកំពង់ស្ពឺមានគោលដៅទេសចរណ៍ធម្មជាតិថ្មីៗជាច្រើនកន្លែង ដើម្បីទាក់ទាញ់ភ្ញៀវទេសចរ

វិទ្យុជាតិកម្ពុជា៖ ស្រីផល 29,07,2020


MC៖ ខេត្តកំពង់ស្ពឺ មានគោលដៅទេសចរណ៍ធម្មជាតិថ្មីៗជាច្រើនកន្លែង ដើម្បីទាក់ទាញ់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកលេងកំសាន្តមិនចេះជិនណាយ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម………………………..
លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា រហូតមកដល់ពេលនេះ ភ្ញៀវទេចរដែលគាត់បានមកលេងកំសាន្តនៅក្នុងខេត្តកំពង់ស្ពឺ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារតែទីនេះមានទេសភាពស្រស់ស្អាត គ្របដណ្តប់ដោយពណ៌បៃតងខៀវស្រងាត់ ដែលធ្វើឲ្យភ្ញៀវទេសចរដែលគាត់សំរាកពីការងារ មកលេងកំសាន្ត មានភាពស្រស់ស្រាយអស់ពីទុក្ខកង្វល់ ។ លោកបានបន្តថា តំបន់ទេសចរណ៍ដែលភ្ញៀវចូលចិត្តមកលេងកំសាន្តមានដូចជា៖ តំបន់ខ្នងភ្នំផ្សារ ភ្នំឧរ៉ាល់ សហគមន៍ទេសចរទឹកធ្លាក់ជ្រាវ តេរទឹកពុះ និងខ្នងភ្នំគិរីរម្យជាដើម។
លោកបានបន្តទៀតថា ខាងមន្ទីរក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ រួមមាន សេវាអាហារដ្ឋាន និងកន្លែងស្នាក់នៅជាដើម ព្រមទាំងបានចុះអប់រំផ្សព្វផ្សាយ ពីការរៀបចំអនាម័យ និង វិធានការការពារជម្ងឺកូវីត១៩ នៅតាមរម្មណីយដ្ឋានទេសចរ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្ត ប្រកបដោយទំនុកចិត្ត។
សំលេង៖ ថ្មីៗនេះយើងឃើញថាខេត្តកំពង់ស្ពឺ មានទេសចរផ្សងព្រងច្រើន នៅក្នុងចន្លោះពីមួយសប្តាហ៍ទៅមួយសប្តាហ៍ហ្នឹងគឺ អ្នកទេសចរចុងសប្តាហ៍ហ្នឹងឃើញថាមកលេងច្រើនណាស់ ហើយនៅក្នុងនោះដែរប្រហាក់ប្រហែលជា ក្នុងមួយខែអាច៧០០ទៅ១០០០នាក់។ហើយនៅក្នុងនោះដែរ ខាងសហគមន៍ ក៏បានសហការជាមួយមន្ទីរទេសចរខេត្តកំពង់ស្ពឺហ្នឹងបានចុះ ផ្សព្វផ្សាយដល់សហគមន៍ហ្នឹង ទាក់ទងរឿងវិធានការការរីករាលដាលកូវីត១៩ហ្នឹង ទី១គឺយើងត្រូវមានគម្លាត ទី២អាចពាក់ម៉ាស់ហើយទី៣យើងត្រូវតែមានអាល់កុល ជែលលាងដៃហ្នឹង យើងត្រូវតែគោរពនូវវិធានការរបស់ក្រសួងសុខាភិបាល។ ដោយឡែកមកដល់ពេលនេះ យើងឃើញថាមិនខុសពីទេសចរផ្សងព្រេងទេ ឯទេសចរចុងសប្តាហ៍នេះ យើងឃើញថាក៍មានកំណើនហើបឡើងវិញដែរ ។
លោកប្រធានមន្ទីរ ក៍បានអំពាវនាវឲ្យភ្ញៀវទេសចរ មកលេងកម្សាន្តនៅទីនេះឲ្យកាន់តែច្រើនឡើងបន្ថែមទៀត ខណៈដែលខេត្តកំពង់ស្ពឺ មានតំបន់ទេសចរណ៍ច្រើន មានទេសភាពព្រៃព្រឹក្សាស្រស់ស្អាត មានកន្លែងលេងទឹក ដែលធ្វើឲ្យអ្នកទេសចរមានអារម្មណ៍ស្រស់ស្រាយ និងសប្បាយរីករាយ ក្រោយពីការនឿយហត់ពីការងារ៕