លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ៖ ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា កំពុងស្ថិត​ក្នុង​កម្រិត​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ជាប់​ជានិច្ច (Alarming)

AKP ភ្នំពេញ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ —

​បន្ទាប់ពី​មានការ​កើនឡើង​យ៉ាងច្រើន​នូវ​ចំនួន​អ្នក​កំពុង​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ដែល​រហូត​មកទល់ពេលនេះ មាន​រហូតដល់ ចំនួន ៧៩​នាក់ ក្នុងចំណោម​ករណី​សរុប​ទូទាំងប្រទេស ចំនួន ២៣៣​នាក់ ដែល​បណ្តាលឱ្យ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ននេះ គឺ​កំពុង​ស្ថិតក្នុង​កម្រិត​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ជាប់​ជានិច្ច (Alarming) នេះ​បើតាម​ការ​ឱ្យដឹងពី​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល តាមរយៈ​បណ្តាញ​តេ​ឡេ​ក្រាម នា​រសៀល​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០​នេះ​។​

​លោកជំទាវ បាន​សង្កត់ធ្ងន់ថា ៖ “​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​យើង​នៅពេលនេះ កំពុងស្ថិត​នៅក្នុង​ស្ថានភាព Alarming នៅឡើយ​ទេ គឺ​មានន័យថា ជា​ស្ថានភាព​មួយ​ដែល​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ដោយសារតែ​ការរកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ជា​បន្តបន្ទាប់ ក្នុងចំណោម​អ្នកដំណើរ​ដែល​បាន​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​យើង ដែល​កំណើន​នេះ គឺមាន​ចំនួន​ច្រើន​មែនទែន ដែល​តម្រូវឱ្យ​យើងទាំងអស់គ្នា​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ត្រូវ​បន្ត​យកចិត្តទុកដាក់​អនាម័យ ហើយ​មិនត្រូវ​ភ្លេច​ពី​លទ្ធភាព​នៃ​ការចម្លង​វីរុស​នេះ ដែល​អាច​កើតមានឡើង​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង ។​ល​។ ហើយ​ខ្ញុំ​ក៏​សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​វិធានការ​ការពារ​ឱ្យបាន​ខ្ជាប់ខ្ជួន​ជានិច្ច ក្នុងនោះ​វិធានការ​សាមញ្ញៗ​ចំនួន​០៣ ដែល​យើង​ត្រូវ​ចងចាំ និង​អនុវត្ត​ឱ្យបាន​គ្រប់ៗ​គ្នា ទី​១ អនាម័យ​ដៃ និង​ខ្លួនប្រាណ​ស្អាត ដោយ​ការលាង​ជាមួយ​សាប៊ូ ទឹកស្អាត ជែ​ល ឬ​អាល់កុល ឱ្យបាន​ញឹកញាប់​ក្នុង​មួយថ្ងៃ ទី​២ ត្រូវ​ប្រើប្រាស់​ម៉ាស ក្នុងករណី​ចាំបាច់ ទី​៣ រក្សា​គម្លាត​សុវត្ថិភាព ទាំង​បុគ្គល និង​សង្គម​” ។​

​លោកជំទាវ ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​គឺ​អាជ្ញាធរ​ដែនដី ត្រូវ​តាមដាន និង​ត្រួតពិនិត្យ​ឱ្យបាន​ហ្មត់ចត់​បំផុត នូវ​ការអនុវត្ត​វិធានការ​នានា ដែល​បាន​ដាក់ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ក្រសួងសុខាភិបាល ក្នុង​តំបន់​ដែលមាន​ហានិភ័យ ដូចជា​តាម​សណ្ឋាគារ ភោជនីយដ្ឋាន និង​ទីកន្លែង​កម្សាន្ត​ផ្សេងៗ​ទៀត ដែលមាន​លក្ខណៈ​ប្រមូលផ្តុំ ដើម្បី​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់គ្នា​។ ម្យ៉ាងទៀត លោកជំទាវ​វេជ្ជបណ្ឌិត ក៏បាន​រម្លឹក​ផងដែរ​ថា ការចម្លង​វីរុស​កូ​វីដ​១៩ គឺ​ភាគច្រើន​កើតឡើង​នៅពេលដែល​បុគ្គល​ណាមួយ​ចល័ត ឬ​ធ្វើដំណើរ ដូច្នេះហើយ​រាល់ពេល​ដែល​ធ្វើដំណើរ ឬ​ចល័ត គឺ​ត្រូវ​ប្រុងប្រយ័ត្ន​បំផុត​។

​លោកជំទាវ​វេជ្ជបណ្ឌិត​ក៏បាន​ឱ្យដឹង​ផងដែរ​ថា បន្ទាប់ពី​មានការ​សម្រេច​បិទ​ការហោះហើរ​ជា​បណ្តោះអាសន្ន​នៃ​ជើងហោះហើរ​ពី​ប្រទេស ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី នោះមក ជើងហោះហើរ​ដទៃទៀត ក៏​កំពុងស្ថិត​ក្នុងការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​ផងដែរ ដោយ​ពិនិត្យមើល​ពី​ស្ថានភាព​ជាក់ស្តែង នៃ​វីរុស​កូ​វីដ​១៩​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា នេះ កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩ ថ្មី ចំនួន​០៧​ករណី ដែល​ធ្វើឱ្យ​តួលេខ​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​កើន​ដល់​ចំនួន ៧៩​នាក់ ក្នុងចំណោម​ករណី​សរុប​ទូទាំងប្រទេស ចំនួន ២៣៣​នាក់​។ សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ​ក៏បាន​បង្ហាញ​ពី​ការព្យាបាល​ជាសះស្បើយ​អ្នកជំងឺ ចំនួន​០៧​នាក់ ផងដែរ ក្នុងនោះ​ពុំមាន​ករណី​ណាមួយ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​នោះទេ ៕ ​ដោយ ផែន រតនៈ​