គម្រោងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តអាចបើកឲ្យដំណើការនាចុងឆ្នាំ២០២១ខាងមុខ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០


MC. ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត គឺជាផ្លូវចូលមួយដ៏សំខាន់របស់ប្រាសាទអង្គរវត្ត ហើយការជួសជុលស្ពាននេះឡើង ក្នុងគោលបំណងលើកតម្លៃផ្លូវចូលនៃប្រាសាទអង្គរ ឲ្យដូចកាលពីសម័យបុរាណឡើងវិញ និងដើម្បីសុវត្ថិភាពនៃភ្ញៀវទេសចរដែលបានដើរឆ្លងកាត់ចូលទស្សនាប្រាសាទ។
អ្នកយកព័ត៌មានយើងពីខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍អោយដឹងថាគម្រោងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តដំណាក់កាលទី២ ដែលចាប់ផ្តើមដំណើការក្នុងឆ្នាំ២០១៦ មានប្រវ៉ែង៩៤ម៉ែត្រ និងកម្ពស់ទឹក១២ម៉ែត្រ ដែលកិច្ចការនេះក្រោមកិច្ចការសហការរវៀងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន។
លោក អន សុភាព ប្រធានគ្រប់គ្រងគម្រោងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរបានថ្លែងឲ្យដឹងថា គម្រោងជួសជុលស្ពានហាលនេះ ត្រូវបានក្រុមអ្នកបច្ចេកទេសធ្វើឡើងតាមបែបបុរាណ ដោយការជួសជុលត្រូវធ្វើដោយដៃ មិនប្រើគ្រឿងចក្រដើម្បីបង្ហាបឡើយ ព្រោះអាចប៉ះពាល់ដល់គ្រឹះប្រាសាទ និងត្រូវការជួសជុលទៅតាមដំណាក់កាលនីមួយៗ។
លោកបន្តថា គម្រោងជួសជុលស្ពានហាលនេះ ត្រូវបានចែកចេញជាពីរដំណាក់កាល ដោយរំពឹងថាតួររបស់ស្ពានអាចនិងរួចរាល់ ហើយបើកឲ្យភ្ញៀវធ្វើដំណើរការឆ្លងកាត់ឡើងវិញនាចុងឆ្នាំ២០២១ខាងមុខនេះ។
សំឡេង៖កិច្ចការចំនួន៣ដែលសំខាន់ទី១សំខាន់យើងត្រូវចាក់ជញ្ជាំងរាងអក្សរអិល ដើម្បីទប់ជញ្ជាំងថ្មបាយក្រៀមនៅខាងក្នុង បច្ចុប្បន្នចាក់បាន៧៩ម៉ែត្រហើយ ទី២គឺបន្ទាប់ពីអិលសេបនេះហើយ យើងត្រូវតែបុកដីបង្ហាប់តាមបុរាណឡើងវិញ ចឹងយើងបានបុកប្រវ៉ែង៦៧ម៉ែត្រហើយ នៅសល់១២ម៉ែត្រទៀតយើងនិងចាប់ផ្តើម ក្នុងថ្ងៃស្អែក ខានស្អែកនេះដើម្បី មកភាគខាងកើតនេះវិញ ហើយការងារមួយទៀតដែលសំខាន់ គឺការជួសជុលពង្រឹងកាំជណ្តើគ្រឹះរបស់ជញ្ជាំងនៅផ្នែកខាងក្រៅ ព្រោះជញ្ជាំងមានភាពពុកផុយផ្នែកខាងក្រោម ហើយជណ្តើទាំងអស់៧កាំ យើងដឹងហើយគម្រោងស្ពានហាលនេះ អង្គរវត្តជាប្រាសាទដែលសំខាន់ណាស់ ភាពអស្ចារ្យគឺធំជាងគេ ខ្ពស់ជាងគេ សម្រាប់ជាសំណង់សាសនា ក្នុងសម័យបុរាណ ស្ពានហាលនេះគឺជាផ្លូវចូល សំខាន់របស់ប្រាសាទអង្គរវត្ត ភ្ញៀវទេសចរដែលឆ្លងកាត់ស្ពានហាលហ្នឹងចំនួនច្រើនណាស់ ១ថ្ងៃៗរាប់ពាន់នាក់ ហើយមុននិងការជួសជុលនេះយើងឃើញថា ស្ពានមានភាពប្រឈមនិងគ្រោះថ្នាក់ខ្លាំង ដូច្នេះអាជ្ញាធរជាតិអប្សរា និងគណៈកម្មាអាយស៊ីៗហ្នឹង ផ្តោតយកចិត្តទុកដាក់លើសុវត្ថិភាពភ្ញៀវទេសចរណ៍ ចឹងហើយបានយើងសម្រេចត្រូវតែជួសជុលបញ្ចប់ផ្នែកដែលនៅសល់ហ្នឹង ដើម្បីកុំឲ្យមានហានិភ័យហ្នឹង ទី២យើងចង់លើកតម្លៃអង្គរដែលអស្ចារ្យដើម្បីផ្លូវចូលឲ្យស្អាតអស្ចារ្យដូចសម័យបុរាណ។
លោកបានបញ្ជាក់ថា ទាកទងនិងពេលវេលាដែលត្រូវបញ្ចប់ការជួសជុល ត្រូវបានចែកចេញជា២ ទី១តួរបស់ស្ពានសម្រាប់ដើរអាចឲ្យដំណើការបានគិតថានៅក្នុងចុងឆ្នាំ២០២១ ចំណែកទី២ត្រូវសិក្សាបន្ថែម ទៀតពីគម្រោងជួសជុលកំពង់ទឹកបន្ថែមទៀត ដើម្បីធានាឲ្យសំណង់នេះមានសុវត្ថិភាព និងគង់វង្សតទៅមុខទៀត។
សូមរំឭកថា គម្រោងជួសជុលស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត បានបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ដោយគ្រោងនឹងចំណាយពេល៤ឆ្នាំដើម្បីឲ្យរួចរាល់។ នេះជាគម្រោងសហការជំហានទី២រវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន បន្ទាប់ពីដំណាក់កាលទី១នៃគម្រោងសហការដែលបានជួសជុលស្ពានហាលនេះប្រវែង ១០០ម៉ែត្រ រួចរាល់ជាស្ថាពរ(១៩៩៦-២០០៧)។
សូមបញ្ជាក់ថា ស្ពានហាលខាងលិចប្រាសាទអង្គរវត្តមានប្រវ៉ែងសរុប១៩៧.៤ម៉ែត្រ៕