ប្រេសិតអាម៉េរិកធ្វើទស្សនកិច្ចនៅចក្រភពអង់គ្លេសនៅសប្តាហ៍នេះ ដើម្បីអំពាវនាវឱ្យបន្តការហាមឃាត់អាវុធរបស់អង្គការសហប្រជាជាតិទៅលើអ៊ីរ៉ង់

AKP ភ្នំពេញ ថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០២០​ — ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកតំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ីរ៉ង់ លោក Brian Hook កំពុងធ្វើទស្សនកិច្ចនៅចក្រភពអង់គ្លេស និងអេស្តូនីនៅក្នុងសប្តាហ៍នេះ ដើម្បីជួបជាមួយបណ្តាមន្ត្រី និងអំពាវនាវឱ្យមានការពន្យារពេលសម្រាប់ការហាមឃាត់អាវុធរបស់អង្គការសហប្រជាជាតិទៅលើអ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍នេះបាននិយាយថា «អ្នកតំណាងពិសេស Hook ធ្វើទស្សនកិច្ចនៅប្រទេសអេស្តូនី និងចក្រភពអង់គ្លេសនៅថ្ងៃទី ២៨-២៩ ខែកក្កដា ដើម្បីពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តអឺរ៉ុបនេះ»។

ក្រសួងការបរទេសបាននិយាយថា លោក Hook បានជួបជាមួយមន្ត្រីជាន់ខ្ពស់នៅក្នុងប្រទេសកាតា និងគុយវ៉ែត កាលពីចុងសប្តាហ៍មុនដើម្បីពិភាក្សាអំពីការពន្យារពេលនៃការដាក់ទណ្ឌកម្មការហាមឃាត់អាវុធរបស់អង្គការសហប្រជាជាតិទៅលើអ៊ីរ៉ង់ ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី ១៨ ខែតុលា ខាងមុខនេះ។

កាលពីខែមិថុនា សហរដ្ឋអាមេរិកបានណែនាំសេចក្តីព្រាងដំណោះស្រាយមួយនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបន្តការដាក់ទណ្ឌកម្មការហាមឃាត់អាវុធរបស់អង្គការសហប្រជាជាតិទៅលើអ៊ីរ៉ង់មុនពេលដែលវាផុតកំណត់។ ទោះជាយ៉ាងណា រុស្ស៊ី និងចិន បានសម្តែងការប្រឆាំងជំទាស់នឹង       សេចក្តីព្រាងដំណោះស្រាយនេះ។

នៅក្នុងឆ្នាំ ២០១៥ អ៊ីរ៉ង់បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយជាមួយចិន បារាំង អអាល្លឺម៉ង់ រុស្ស៊ី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ កិច្ចព្រមព្រៀងដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពចម្រុះរួម (JCPOA) បានចែងថា អ៊ីរ៉ង់ត្រូវតែកាត់បន្ថយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន និងបន្ទាបទុនបម្រុងអ៊ុយរ៉ាញ៉ូមរបស់ខ្លួនជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម រួមទាំងការដកទណ្ឌកម្មការហាមឃាត់អាវុធរបស់អង្គការសហប្រជាជាតិរយៈពេល ៥ឆ្នាំ បន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានអនុម័ត៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)