លោក ពូទីន និងលោក អ៊ែរដូហ្គេន ពិភាក្សាគ្នាអំពីស្ថានភាពនៅតាមព្រំដែនរវាង អាមេនី និង អាស៊ែបៃហ្សង់

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០​  — សេវាសារព័ត៌មានរបស់វិមានក្រឹមឡាំងបាននិយាយថា ស្ថានភាពនៅតាមព្រំដែនរវាងអាមេនី អាស៊ែបៃហ្សង់ ស្ថិតក្នុងចំណោមប្រធានបទដែលត្រូវបានពិភាក្សាតាមទូរស័ព្ទដោយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតីតួកគី លោក រីសេប តាយីប អ៊ែរដូហ្គេន ។ ប្រធានាធិបតីទាំងពីរបានសង្កត់ធ្ងន់ថា គ្មានជម្រើសណាផ្សេងទៀតចំពោះដំណោះស្រាយការទូតនៃជម្លោះនោះទេ។

ប្រធានាធិបតីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាអំពីស្ថានភាពនៅតំបន់ Caucasus ខាងត្បូង ក្នុងបរិបទនៃស្ថានភាពកាន់តែធ្ងន់ធ្ងរនៅតាមព្រំដែនរវាងអាមេនី – អាស៊ែបៃហ្សង់។ លោក វ្ល៉ាឌីមៀរ ពូទីន បានសង្កត់ធ្ងន់អំពីសារសំខាន់នៃការទប់ស្កាត់រាល់សកម្មភាពដែលជំរុញការកើនឡើងថែមទៀតនៃភាពតានតឹង។ ភាគីទាំងពីរបាននិយាយថា ពួកគេចាប់អារម្មណ៍ក្នុងការដោះស្រាយស្ថានការណ៍ជម្លោះដោយវិធីសន្តិវិធី តាមរយៈការជជែកពិភាក្សាតែប៉ុណ្ណោះ»។

វិមានក្រឹមឡាំងបាននិយាយថា មេដឹកនាំទាំងពីរបានសម្តែងការត្រៀមខ្លួនដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យស្ថានការណ៍ក្នុងតំបន់មានស្ថិរភាព។ លោក ពូទីន និងលោក អ៊ែរដូហ្គេន ក៏បានកត់សម្គាល់ផងដែរថា «គ្មានជម្រើសណាផ្សេងទៀតចំពោះដំណោះស្រាយនយោបាយ និងការទូតនៃជម្លោះ Nagorno – Karabakh ឡើយ ដោយផ្អែកទៅលើគោលការណ៍នៃច្បាប់អន្តរជាតិក្នុងផលប្រយោជន៍របស់ប្រជាជនអាមេនី និងអាស៊ែបៃហ្សង់»។

ប្រធានាធិបតីទាំងពីរក៏បានលើកឡើងផងដែរ អំពីបញ្ហាមួយចំនួននាពេលបច្ចុប្បន្ននេះនៃរបៀបវារៈទ្វេភាគី។ វិមានក្រឹមឡាំងបាននិយាយថា «ដូច្នេះ ពួកគេបានផ្តល់នូវការវាយតម្លៃជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមរោគកូរ៉ូណាវីរុស ដែលបានធ្វើឱ្យមានលទ្ធភាពចាប់ផ្តើមសេវាកម្មអាកាសជាប្រចាំរវាងទីក្រុងមួយចំនួននៃប្រទេសរុស្ស៊ី និងតួកគីចាប់ពីថ្ងៃទី ១ ខែសីហាខាងមុខនេះ»។

កិច្ចសន្ទនាតាមទូរស័ព្ទនេះត្រូវបានផ្តួចផ្តើមឡើងដោយភាគីតួកគី៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)