ហ្វីលីពីន៖ ប្រព័ន្ធហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០​ — ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូដឺតេ បានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់របស់ប្រព័ន្ធគ្រប់គ្រងធនាគារ និងហិរញ្ញវត្ថុរបស់ប្រទេសនេះក្នុងការឆ្លើយតបទៅនឹងវិបត្តិដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថាជាតិប្រចាំឆ្នាំកាលពីថ្ងៃទី២៧ ខែកក្កដា លោក ឌូដឺតេ បានបង្ហាញអំពីមោទនភាពចំពោះសមត្ថភាពរបស់ប្រទេសហ្វីលីពីនក្នុងការរក្សាបាននូវភាពរឹងមាំផ្នែកហិរញ្ញវត្ថុ បើទោះបីជាមានឥទ្ធិពលនៃជំងឺរាតត្បាតនេះក៏ដោយ។

លោកបានសង្កត់ធ្ងន់ថា ការគ្រប់គ្រងហិរញ្ញវត្ថុឱ្យមានស្ថិរភាព និងប្រព័ន្ធធនាគារដែលមានការរីកចម្រើនលឿន គឺជាកត្តាដែលជួយឱ្យប្រទេសនេះអាចដោះស្រាយបាននូវវិបត្តិសុខភាពមួយនេះ។

លោក ឌូដឺតេ ក៏បានបង្ហាញសុទិដ្ឋិនិយមផងដែរថា ស្ថានភាពទូទៅនឹងកាន់តែប្រសើរនៅពេលដែលពិភពលោករកឃើញវ៉ាក់សាំងដែលមានប្រសិទ្ធិភាពប្រឆាំងនឹងជំងឺកូវីដ-១៩ ។

លោកបានគូសបញ្ជាក់ថា ប្រទេសនេះបានទទួលចំណាត់ថ្នាក់ឥណទាន BBB បូក បើទោះបីជាការ ផ្តល់ចំណាត់ថ្នាក់ឥណទាននេះមានការធ្លាក់ចុះ និងការពិនិត្យទស្សនវិស័យអវិជ្ជមាននៅទូទាំងពិភពលោកក៏ដោយ។

លោកប្រធានាធិបតី ឌូដឺតេ បាននិយាយនៅក្នុងសុន្ទរកថារបស់លោកថា «ទីភ្នាក់ងារវាយតម្លៃឥណទានជប៉ុនបានដំឡើងឋានៈយើងពី BBB បូក ទៅជា A ដក កាលពីខែមុន»។

លោកបាននិយាយថា «ជំហរសារពើពន្ធរបស់យើងមានភាពរឹងមាំ ការគ្រប់គ្រងសេដ្ឋកិច្ច និងសារពើពន្ធមានការប្រុងប្រយ័ត្ន និងប្រព័ន្ធធនាគាររបស់យើងក៏មានភាពរឹងមាំដែរ។ យើងស្ថិតក្នុងជំហរល្អប្រសើរជាងមុន ដើម្បីទប់ទល់នឹងវិបត្តិដែលបណ្តាលមកពីជំងឺរាតត្បាតសកលកូវីដ-១៩នេះ»៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)