ប្រទេសវៀតណាមជួយពង្រឹងភាពជាឯកច្ឆន្ទរបស់អាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០​ — យោងតាមអគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន – កូរ៉េ លោក Lee Hyuk បានឱ្យដឹងថា ប្រទេសវៀតណាមបានបំពេញតួនាទីរបស់ខ្លួនជាប្រធានអាស៊ានប្រកបដោយប្រសិទ្ធភាពក្នុងការលើកកម្ពស់ការឯកភាពគ្នារបស់ប្លុកនេះ នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយសមាជិកដទៃទៀតនៅក្នុងការឆ្លើយតបទៅនឹងជំងឺ កូវីដ-១៩ ។

នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក Lee ដែលជាអតីតឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅវៀតណាមផងដែរនោះបាននិយាយថា ចាប់តាំងពីដើមឆ្នាំនេះមក ប្រទេសវៀតណាមបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីលើកកម្ពស់អាស៊ានប្រកប ដោយភាពស្អិតរមួត និងការទទួលខុសត្រូវ។

លោកបាននិយាយថា ចាប់តាំងពីវីរុសឆ្លងកូរ៉ូណាវីរុសបានផ្ទុះឡើងជាលើកដំបូង ប្រទេសនេះបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសាមគ្គីភាពក្នុងប្លុក ដើម្បីជម្នះវិបត្តិសុខាភាពព្រមគ្នា និងស្តារសេដ្ឋកិច្ចឡើងវិញ ដោយលោកបាននិយាយបន្ថែមថា កាលពីខែមុន ប្រទេសវៀតណាមបានដឹកនាំកិច្ចប្រជុំកំពូល      អាស៊ានលើកទី៣៦  ក្នុងអំឡុងពេលដែលបណ្តាមេដឹកនាំក្នុងតំបន់បានបញ្ជាក់អំពីការប្តេជ្ញាចិត្ត ឆន្ទៈនយោបាយ និងសាមគ្គីភាពដើម្បីទប់ទល់នឹងការលំបាកទាំងឡាយ។

លោកបានពន្យល់ថា អាស៊ានមានបទពិសោធច្រើនក្នុងការសហការគ្នាដើម្បីជម្នះវិបត្តិ។ ឧទាហរណ៍កាលពេលមានវិបត្តិហិរញ្ញវត្ថុឆ្នាំ ១៩៩៧ បានកើតឡើងនៅក្នុងតំបន់អាស៊ាន និងប្រទេសនៅអាស៊ីឦសានទាំងបីដែលមានសាធារណរដ្ឋកូរ៉េ ជប៉ុន និងចិន បានបង្កើតយន្តការអាស៊ានបូកបីឡើង។

លោក Lee បានបង្ហាញជំនឿថា ក្រោមការដឹកនាំរបស់វៀតណាម ប្លុកនេះនឹងយកឈ្នះជាថ្មីម្តងទៀតពីការលំបាកនាពេលបច្ចុប្បន្ននេះ។ ប្រទេសនេះមានលក្ខខណ្ឌចាំបាច់ដើម្បីដឹកនាំកិច្ចខិតខំប្រឹងប្រែងបែបនេះ និងបង្រួមអប្បបរមាការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងតំបន់ក្នុងរយៈពេលក្រោយការរាតត្បាត។

លោកបាននិយាយបន្ថែមថា កិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីលើកកម្ពស់ពហុភាគីនិយមនៅក្នុងតំបន់តាមរយៈវេទិកាដែលបង្កើតដោយអាស៊ាន នឹងជួយយ៉ាងច្រើនដើម្បីពង្រឹងជំនឿទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

ក្នុងកិច្ចពិភាក្សាអំពីទំនាក់ទំនងរវាងកូរ៉េខាងត្បូង – វៀតណាម លោកអគ្គលេខាធិការរូបនេះបាននិយាយថា ប្រទេសវៀតណាម គឺជាដៃគូនៅក្នុងអាស៊ានដ៏សំខាន់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង ហើយចំណងទាក់ទងទ្វេភាគីបាន នឹងកំពុងអភិវឌ្ឍយ៉ាងខ្លាំងទៅលើគ្រប់វិស័យអស់រយៈពេលជាច្រើនឆ្នាំមកនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)