កម្ពុជាកំពុងចរចាពាណិជ្ជកម្មសេរីជាមួយប្រទេសទាំង៨ផ្សេងទៀត ក្រៅពីប្រទេសចិន

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៩ ០៧ ២០២០


MC៖កម្ពុជាកំពុងចរចាពាណិជ្ជកម្មសេរីជាមួយប្រទេសទាំង៨ផ្សេងទៀតក្រៅពីប្រទេសចិនដើម្បីពង្រឹងទំហំពាណិជ្ជកម្ម និងបង្កើនការនាំចេញ ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ៖ …….
ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអះអាងថា កម្ពុជាមិនមែនគ្រាន់តែមានមហិច្ឆតា ចរចាពាណិជ្ជកម្មសេរីជាមួយប្រទេសចិនប៉ុណ្ណោះទេ តែប្រទេសកម្ពុជាកំពុង និងបើកកិច្ចចរចារជាមួយប្រទេសទាំង៨ទៀត រួមមាន ប្រទេសកូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា អូស្រ្តាលី ញូវហ្សាលែន អាមេរិក កាណាដា និងអង់គ្លេស ។ ដោយឡែក ប្រទេសជប៉ុន អាមេរិក និងអង់គ្លេសគឺជាប្រទេសមានទីផ្សារនិងមានសក្តានុពលធំ ដែលកម្ពុជាសំឡឹងចង់បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជា មួយ។
ឯកឧត្តមបន្តថា កម្ពុជាកំពុងព្យាយាមបញ្ចប់ការចរចាជាមួយនឹងកូរ៉េខាងត្បូង ក្នុងក្របខ័ណ្ឌ បច្ចេកទេសនៅចុងឆ្នាំ២០២០នេះ ហើយគ្រោងនឹងឈានដល់ការចុះកិច្ចព្រមព្រៀងនៅដើមឆ្នាំ២០២១ បើគ្មានអ្វីប្រែប្រួលនោះទេ ។
ឯកឧត្តមបន្ថែមថា ការចរចាកិច្ចព្រៀមពាណិជ្ជកម្មសេរីនេះ ដោយសារតែរាជរដ្ឋាភិបាលមើលឃើញពីផលប្រយោជន៍រៀងៗខ្លួន យើងនាំទៅគេទទួលបានផលចំណេញ ហើយគេមកវិនិយោគ ឬការនាំចេញមកកាន់កម្ពុជាយើងវិញ ក៏មានផលចំណេញ ពោលគឺបំពេញចន្លោះឱ្យគ្នាទៅវិញទៅមក នៅក្នុងចំណុចខ្វះខាតណាមួយ។
សំឡេង«តាមពិតមហិច្ឆតារបស់យើងមិនមែនតែចិនទេ គឺជប៉ុន កូរ៉េខាងត្បូងគេហៅថាសាធារណរដ្ឋកូរ៉េនេះ ឥណ្ឌា យើងចង់ធ្វើជាមួយ អូស្រ្តាលី ញូវហ្សាលែនទៀតប៉ុន្តែយើងសិក្សាសិន ធ្វជាមួយអាមេរិក កាណាដា ទៀត ធ្វើជាមួយអង់គ្លេសទៀត បើអង់គ្លេសបែកចេញពីអឺរ៉ុប យើងនាំចេញទីអង់គ្លេស២៥ភាគរយនៃការនាំចេញទៅអឺរ៉ុបអញ្ចឹងមិនមែនតូចទេផ្សារអង់គ្លេសធំណាស់ ។ ប៉ុន្តែកូរ៉េយើងបានប្រកា សរួចហើយក្នុងខែនេះ យើងបានប្រកាសបើឲ្យក្រុមការងារធ្វើការចរចាហើយក្នុងកម្មវិធីនោះយើងនិងចរចាឲ្យចប់ ផ្នែកសំខាន់ៗឲ្យចប់ក្នុងឆ្នាំនេះ ហើយយើងនិងអាចពិនិត្យបច្ចេកទេសថែមថយថែមទៀតដើមឆ្នាំ២០២១ប្រហែលជាយើងត្រូវជាស្ថាពរហើយ អាចពិនិត្យចុះហត្ថលេខាបើសិនសភាការណ៍វានៅ ប្រក្រតីអញ្ចឹង ព្រោះរដ្ឋាភិបាលទាំងសងខាងកំពុងមើលឃើញផលប្រយោជន៍ដូចគ្នា »។
ឯកឧត្តមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជាកិច្ចព្រមព្រៀងរវាងប្រទេសជាមួយនឹងប្រទេសមួយទៀត ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនូវទំនិញ ពាណិជ្ជកម្ម សេវា ដោយសេរី មិនមានការរារាំងដោយរបាំងពន្ធ និងកាតព្វកិច្ចផ្សេងៗ។ និយាយជារួម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺសំដៅដល់ការលើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងគ្នានិងគ្នាដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រទេសផងគ្នា។ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានអះអាងថា ការចរចាបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺមិនងាយស្រួលឡើយ ពីព្រោះត្រូវជជែកលើបញ្ហាជាច្រើន ហើយត្រូវបានប្រើប្រាស់ពេលវេលាយូរទៀត។
សូមបញ្ជាក់ថា កាលពីថ្មីៗរាជរដ្ឋាភិបាលកម្ពុជា ចិនបានចុះព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់ប្រទេសកម្ពុជា ក្នុងការនាំចេញទំនិញកាន់តែច្រើនទៅកាន់ប្រទេស ចិន ដោយមិនប្រកាន់ម្ចាស់ផលិតផល តូចឬធំ ដែលមានដូចជាផលិតផលកសិកម្ម និងផលិតផលសម្រេចផ្សេងៗជាច្រើនមុខទៀតទៅទីផ្សារចិន ។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជារំពឹងថា ការនាំចេញទៅកាន់ប្រទេសចិននឹងកើនឡើងលើសពីអត្រាកំណើននៃឆ្នាំកន្លងទៅ ប្រមាណជាង ២០ភាគរយ ហើយកំណើនវិនិយោគពីបរទេសផ្សេងៗទៀតក៏នឹងកើនឡើងខ្លាំងផងដែរ ៕