ផ្តល់រនាំងសម្រាប់គោលដៅត្រួតពិនិត្យចរាចរណ៍ចំនួន៣០០សម្រាប់មន្ត្រីនគរបាលចរាចរណ៍អនុវត្តការងារ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៩ ០៧ ២០២០


MC: ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តល់រនាំងសម្រាប់គោលដៅត្រួតពិនិត្យចរាចរណ៍ផ្លូវគោកចំនួន៣០០រនាំង ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោករបស់មន្ត្រីនគរបាលចរាចរណ៍ សំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុត។
ពិធីប្រគល់ និងទទួលរនាំងសម្រាប់គោលដៅត្រួតពិនិត្យចរាចរណ៍ទាំងនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា នាទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានចាត់ទុកថា សម្ភារសម្រាប់បម្រើដល់ការអនុវត្តការងាររបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកទាំងនេះ គឺជាការគាំទ្រ និងជួយជ្រោមជ្រែងលើកិច្ចខិតខំលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅកម្ពុជា។ ឯកឧត្តម បានឱ្យដឹងថា ក្នុងខែកក្កដានេះ ចំនួនគ្រោះថ្នាក់ចរាចរណ៍ហាក់កើនឡើងខ្ពស់ជាងបណ្តាខែមុនៗ គិតចាប់តាំងពីការអនុវត្តការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមរយៈការបង្កើនប្រាក់ផាកពិន័យចំពោះបទល្មើសចរាចរណ៍ កាលពីដើមខែឧសភា ឆ្នាំ២០២០។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល មានប្រសាសន៍ថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋផងដែរ។ ឯកឧត្តម បានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងសហការជាមួយដៃគូពាក់ព័ន្ធក្នុងការបង្កើនការផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋពីការអនុវត្តច្បាប់ចរាចរណ៍ដែលបញ្ចៀសបាននូវគ្រោះថ្នាក់ ក៏ដូចជា រៀបចំតម្លើងស្លាកសញ្ញាចរាចរណ៍ថ្មីៗ ដើម្បីចូលរួមបង្កើនសុវត្ថិភាពការធ្វើដំណើររបស់ ប្រជាពលរដ្ឋ។
សំឡេង៖ ប្រជាពលរដ្ឋមានភារកិច្ច កាតព្វកិច្ច……………….…………………..នេះជាសំណូមរបស់ខ្ញុំ
សូមបញ្ជាក់ថា យ៉ាងហោចណាស់មានគោលដៅត្រួតពិនិត្យចរាចរណ៍ផ្លូវគោក៥៦៨កន្លែង ក្នុងនោះគោលដៅអចល័តជាង៤០០កន្លែង និងគោលដៅចល័តជិត៧០កន្លែង និងកម្លាំងនគរបាលប្រមាណ៤ពាន់នាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស ចាប់តាំងពីការរឹតបន្តឹងច្បាប់ចរាចរណ៍កាលពីថ្ងៃទី១ ខែឧសភា ដើម្បីរង់ចាំឃាត់យានយន្តបើកបរល្មើសច្បាប់៕