មន្រ្តី-បុគ្គលិក ៤០រូប នៃអាជ្ញាធរជាតិអប្សរា ទទួលការបណ្តុះបណ្តាលអំពីរបបសារព័ត៌មាន

AKP សៀមរាប ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០–

កាលពីថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល អង្គរ បានបើកវគ្គបណ្តុះបណ្តាលរបបសារព័ត៌មាន ការផ្តល់ព័ត៌មាន ទទួលព័ត៌មាន ក្នុងរង្វង់មន្រ្តី-បុគ្គលិក ដល់មន្រ្តី-បុគ្គលិកមកពីនាយកដ្ឋានចំណុះនៃអាជ្ញាធរជាតិអប្សរាចំនួន៤០រូប ដែលពិធីនេះបានប្រព្រឹត្តទៅក្រោមការសម្របសម្រួលពីសំណាក់ លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា។

វគ្គបណ្តុះបណ្តាលនេះដែរ រៀបចំឡើងក្នុងគោលបំណងបញ្រ្ជាបចំណេះដឹងដល់មន្រ្តី-បុគ្គលិក ដែលទទួលខុសត្រូវផ្តល់ព័ត៌មាន របស់នាយកដ្ឋាននានានៃអាជ្ញាធរជាតិអប្សរា នូវការយល់ដឹងអំពីរបបសារព័ត៌មាន និងការទំនាក់ទំនងក្នុងការផ្តល់ព័ត៌មាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ សិក្ខាកាមនឹងបានឈ្វេងយល់កាន់តែច្បាស់អំពីការភ្ជាប់ទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងសារៈសំខាន់របស់សារព័ត៌មាននៅក្នុងសង្គម រួមទាំងវិធីសាស្ត្រជាច្រើនក្នុងការផ្តល់ព័ត៌មានឱ្យមានប្រសិទ្ធភាពច្បាស់លាស់ និងប្រកបដោយគុណភាព វិជ្ជាជីវៈ ។

លោក ឡុង កុសល មានប្រសាសន៍ថា ក្រោយពីសិក្សាវគ្គបណ្តុះបណ្តាលខ្លីនេះ មន្រ្តី-បុគ្គលិក អាចយល់ពីការផ្តល់ព័ត៌មាន និងជួយសម្រួលការងារយកព័ត៌មានប្រសើរឡើងមួយកម្រិតថែមទៀត ៕ ដោយ៖ ហង្ស សៀក