សម្តេចតេជោបន្តអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា ៖​ ដោយ​ លោក​ ហុក​ សុខរិន​


MC. សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបន្តអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩។
យោងតាមផេកហ្វេកប៊ុករបស់សម្តេចតេជោនាយករដ្ឋមន្រ្តីបានសរសេរនៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះថា
ទោះបីកម្ពុជាយើងមានអត្រាឆ្លងកូវីដ-១៩ទាប ឬទោះបីពុំមានអ្នកជំងឺស្លាប់ដោយសារជំងឺកូវីដ១៩ ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេល កុំមើលស្រាលជំងឺកូវីដ-១៩អោយសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះគឺជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។
សម្តេចតេជោបញ្ជាក់ថាអ្វីដែលយើងទាំងអស់គ្នាអាចធ្វើបានងាយៗគឺ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសអោយបានជាប្រចាំ។
យើងរស់នៅត្រូវមានសុខភាពល្អ ព្រោះបើអស់សុខភាពហើយ អ្វីៗក៏នឹងបាត់បង់ទៅជាមួយដែរ។
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ករណីវិជ្ជមានវីរុសកូវី-១៩ ថ្មី ០៧នាក់និងជាសះស្បើយ០៧នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺ៧នាក់ដែលទើបរកឃើញថ្មី គឺជាបុរសជនជាតិខ្មែរ០៧នាក់ ក្នុងនោះមានក្រុមមួកខៀវអង្គការសហប្រជាជាតិចំនួន០៤នាក់ និងក្រុមអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ចំនួន០៣នាក់។
សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ទាំងអស់ សរុប ២៣៣នាក់ (ស្ត្រី ៤៦នាក់ និងបុរស ១៨៧នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១៥៤នាក់ (ស្រី ៤០នាក់ និងបុរស១១៤នាក់) អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋមានចំនួនសរុប៧៧នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាជាស្ត្រីជនជាតិ អាមេរិកកាំង០២នាក់៕