រដ្ឋមន្ត្រីក្រសួងផែនការជំរុញឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រឲ្យមានសុក្រឹត្យភាព

វិទ្យុជាតិកម្ពុជា៖


MC:រដ្ឋមន្ត្រីក្រសួងផែនការជំរុញឲ្យក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រឲ្យមានសុក្រឹត្យភាពដើម្បីធ្វើយ៉ាងណាឲ្យគ្រួសារក្រីក្រពិតប្រាកដទទួលបាននៅប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការការជំរុញបែបនេះធ្វើឡើងនៅពេលឯកឧត្តមចុះវាយតម្លៃការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងអំឡុងពេលកូវីដ១៩ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។
នៅក្នុងឱកាសនោះឯកឧត្តមបានឲ្យក្រុមប្រឹក្សាឃុំអន្លង់រាប ស្រុកវាលវែងធ្វើយ៉ាងណាកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រឲ្យច្បាស់លាស់ត្រឹមត្រូវពិតប្រាកដ ដោយមិនរើសអើង ស្របតាមនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងធ្វើការដកបណ្ណសមធម៌ពីគ្រួសារដែលមានជីវភាពប្រសើរឡើងវិញ។
ជាមួយគ្នានេះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានអញ្ជើញពិនិត្យមើលការសម្ភាសន៍ជាក់ស្តែងនូវគ្រួសារថ្មីដែលបានដាក់ពាក្យស្នើសុំ ជាពិសេសឯកឧត្តម បានកោតសរសើរ ថ្លែងអំណរគុណនូវសណ្តានចិត្តរបស់អតីតគ្រួសារក្រីក្រមួយ ដែលគាត់មានជីវភាពប្រសើរឡើង ហើយគាត់បានដាក់ពាក្យទៅឃុំដើម្បីដកបណ្ណសមធម៌ពីគាត់ ដើម្បីទុកឱកាសជូនគ្រួសារក្រីក្រថ្មី ដែលមានជីវភាពលំបាកជាងគាត់៕