រមណីដ្ឋានទេសចរណ៍សហគមន៍បឹងឈូកបន្ទាយស្រីកំពុងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តពី៥០០នាក់ទៅ១០០០នាក់ក្នុងមួយថ្ងៃ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០


MC. រមណីដ្ឋានទេសចរណ៍សហគមន៍បឹងឈូកបន្ទាយស្រីកំពុងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តពី៥០០នាក់ទៅ១០០០នាក់ក្នុងមួយថ្ងៃៗ ដោយសារតែទីនោះមានសម្រស់ធម្មជាតិស្រស់ស្អាត បឹងធំ ល្វឹងល្វើយនិងមានខ្យល់អាកាសល្អបរិសុទ្ធ។
អ្នកយកព័ត៌មានយើងពីខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍៖
រមណីដ្ឋានទេសចរណ៍សហគមន៍បឹងឈូកបន្ទាយស្រីគឺស្ថិតនៅក្នុងស្រុកបន្ទាយស្រី នៃខេត្តសៀមរាប មានរៀបចំជាកញ្ចុះបណ្តែតទឹកប្រកបដោយខ្យល់អាកាសបរិសុទ្ធ ការជិះទូកកម្សាន្តដើម្បីទស្សនាព្រៃកោងកាង សត្វស្លាប និងជីវៈចម្រុះច្រើនប្រភេទ។
លោកភួង សាវ៉ុន ប្រធានគណកម្មាគ្រប់គ្រងសហគមន៍នៃរមណីដ្ឋានទេសចរណ៍សហគមន៍បឹងឈូកបន្ទាយស្រី បានថ្លែងប្រាប់អ្នកយកព័ត៍មានវិទ្យុជាតិកម្ពុជាថា សហគមន៍ទេសចរណ៍បែបធម្មជាតិនេះ ត្រូវបានបង្កើតឡើង ក្រោមទិសដៅធ្វើការអភិរក្ស ការពារថែរក្សា អភិរក្សជីវៈចម្រុះពូជត្រីនៅក្នុងតំបន់នោះ។
សំឡេង៖សក្តានុពលនៅក្នុងរមណីដ្ឋានទេសចរណ៍បឹងឈូករបស់យើងនេះ យើងមានបឹងធំមួយ មានក្រឡាផ្ទៃ១៦៧ហិតា មានជីវៈចម្រុះច្រើន មានត្រីគ្រប់ប្រភេទ សត្វស្លាបទឹកជាច្រើនប្រភេទ រស់នៅលើព្រៃកោងកាងជាង២០ហិតា នៅក្នុងហ្នឹងសក្តានុពលជាការទាក់ទាញបំផុត គឺយើងរៀបចំជាសេវាកម្មទេសចរណ៍ មានកញ្ចុះបណ្តែតទឹក អាហារគ្រប់ប្រភេទ ជិះទូកកៃយ៉ាស់ ជិះទូកទៅមើលកោះខាងលើ និងដើរមើលព្រៃកោងកាង។
លោកបញ្ជាក់ថា ជាមធ្យមនៅថ្ងៃធម្មតា មានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកកម្សាន្តនៅទីនោះប្រមាណ១០០ទៅ២០០នាក់ ចំណែកនៅថ្ងៃសៅរ៍អាទិត្យវិញគឺមានភ្ញៀវទេសចរច្រើនចន្លោះពី៥០០ទៅ១០០០នាក់ក្នុងមួយថ្ងៃ។ រមណីដ្ឋានទេសចរណ៍សហគមន៍បឹងឈូកបន្ទាយស្រី ស្ថិតក្រោមផ្ទៃដីប្រមាណ១៦៧ហិតា មានជីវៈចម្រុះគ្រប់ប្រភេទអាស្រ័យនៅ និងត្រូវបានបង្កើតឡើងនៅអំឡុងចុងឆ្នាំ២០១៦ ស្ថិតក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានចំងាយប្រមាណជាង៣០គីឡូមែត្រពីក្រុងសៀមរាប៕