សេតវិមាន ៖ ការទូទាត់ប្រាក់សម្រាប់ភាពគ្មានការងារធ្វើដោយសារជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិកមានទំហំធំពេក

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០​ — ប្រធានបុគ្គលិកនៅសេតវិមាន លោក Mark Meadows បាននិយាយថា រដ្ឋបាលសហរដ្ឋអាមេរិក និងសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋជឿជាក់ថា កញ្ចប់ថវិកាសម្រាប់វិធានការរំញោចសេដ្ឋកិច្ចចំពេលដែលកំពុងមានការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដែលត្រូវបានអនុម័តកាលពីក្នុងខែមីនា បានបង្ហាញអំពីការចំណាយច្រើនហួសហេតុដល់ប្រជាជន ហើយវាត្រូវបានយកទៅបញ្ចូលជាការទទួលខុសត្រូវនៅក្នុងផែនការថ្មី។

លោក Meadows បាននិយាយថា «អត្ថប្រយោជននៃភាពគ្មានការងារធ្វើពីដំបូងត្រូវបានផ្តល់ប្រាក់ឱ្យប្រជាជនស្នាក់នៅតាមផ្ទះ ហើយជាការពិតមានមនុស្សជាច្រើនទទួលបានប្រាក់ស្នាក់នៅតាមផ្ទះនេះច្រើនជាងការដែលពួកគេត្រឡប់ទៅធ្វើការវិញ»។ លោកប្រធានាធិបតីបានបញ្ជាក់យ៉ាងច្បាស់ ហើយសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋរបស់យើងក៏ច្បាស់ណាស់ដែរ ដែលយើងនឹងមិនពង្រីកការផ្តល់នេះទៀតទេ។

កាលពីចុងខែមិនា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើច្បាប់មួយ ស្តីពីវិធានការជំរុញសេដ្ឋកិច្ចដែលមានតម្លៃជាង ២ប៊ីលានដុល្លារអាមេរិក សំដៅកាត់បន្ថយផលវិបាកនៃការរីករាលដាលនៃវីរុសនេះ។ គំនិតផ្តួចផ្តើមនេះពាក់ព័ន្ធនឹងការបង់ប្រាក់តែមួយដងដែលមានចំនួនប្រមាន ១.២០០ដុល្លារអាមេរិកក្នុងមនុស្សម្នាក់។ ក្រៅពីនេះ មូលនិធិបន្ថែមត្រូវបានផ្តល់ដែលអនុញ្ញាតឱ្យរដ្ឋបង្កើនអត្ថប្រយោជន៍សម្រាប់ភាពគ្មានការងារធ្វើប្រចាំសប្តាហ៍ចំនួន ៦០០ដុល្លារអាមេរិក។ កញ្ចប់ថវិកាវិធានការបច្ចុប្បន្ននេះនឹងផុតកំណត់នៅចុងខែកក្កដា។ គណបក្សសាធារណរដ្ឋត្រូវបានគេរំពឹងថា នឹងផ្តល់នូវផែនការថ្មីមួយដែលបានចរចាជាមួយរដ្ឋបាលលោក ត្រាំ កាលពីថ្ងៃចន្ទ។

យោងតាមលោក Meadows បានឱ្យដឹងថា រដ្ឋបាលសហរដ្ឋអាមេរិកបានសម្រេចថា ការជំរុញប្រាក់ឈ្នួលចំនួន ៦០០ដុល្លារអាមេរិកក្នុងមួយសប្តាហ៍សម្រាប់ភាពគ្មានការងារធ្វើ គឺមិនសមរម្យនោះទេ។ ផ្ទុយទៅវិញ នៅក្រោមផែនការថ្មីនេះ ជនជាតិអាម៉េរិកនឹងទទួលបានប្រាក់ឈ្នួលប្រមាណ ៧០ភាគរយនៃចំនួនដែលពួកគេបានទទួលមុនពេលក្លាយជាអ្នកគ្មានការងារធ្វើដោយសារជំងឺរាតត្បាតនេះ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)