សហរដ្ឋអាមេរិកមិនអើពើនឹងផលប្រយោជន៍របស់សម្ព័ន្ធមិត្ត ដោយព្យាយាមបញ្ឈប់គម្រោង Nord Stream 2

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០​ — ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងថាមពលនៃ Bundestag (សភាអាល្លឺម៉ង់) លោក Klaus Ernst បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា ជាមួយនឹងការដាក់សម្ពាធទៅលើគម្រោង Nord Stream 2 ទីក្រុងវ៉ាស៊ីនតោនមិនបានអើពើអំពីផលប្រយោជន៍របស់សម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុបនោះទេ។

លោកបាននិយាយថា «ជម្លោះជុំវិញគម្រោង Nord Stream 2 បានបង្ហាញថា អ្នកតំណាងនយោបាយសហរដ្ឋអាមេរិកកំពុងព្យាយាមប្រើគ្រប់មធ្យោបាយនយោបាយ ដើម្បីលើកកម្ពស់ផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនគិតអំពីសម្ព័ន្ធមិត្តរបស់ខ្លួនឡើយ»។

អ្នកនយោបាយរូបនេះមិនប្រាកដទេថា ប្រទេសអាល្លឺម៉ង់នឹងដោះស្រាយជម្លោះជាមួយទីក្រុង វ៉ាស៊ីនតោនក្នុងអំឡុងពេលដែលខ្លួនជាប្រធានសហភាពអឺរ៉ុបដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកក្កដា ដែរឬក៏យ៉ាងណា។ លោកបានកត់សម្គាល់ថា «រយៈពេលនេះវាខ្លីពេក»។

កាលពីថ្ងៃទី១៧ ខែមិថុនា គណៈកម្មាធិការសេដ្ឋកិច្ចបានជំរុញឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ធ្វើសេចក្តីព្រាងវិធានការដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងគម្រោង Nord Stream 2 ។ នៅពេលដែលត្រូវបានសួរថា តើមានវឌ្ឍនភាពយ៉ាងណាទាក់ទងនឹងបញ្ហានេះ? លោក Ernst បាននិយាយថា «មានការរីកចម្រើននៅក្នុងន័យថា ដោយសារតែសកម្មភាពរបស់យើង គណៈកម្មការអឺរ៉ុបបានដឹងខ្លួន ហើយកំពុងពិចារណាអំពីវិធានការតបវិញ» ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)