លោក មូន អំពាវនាវឱ្យដាក់ចេញនូវវិធានការទាំងអស់ សម្រាប់ការស្តារឡើងវិញនៃសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ប្រទេសកូរ៉េខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០​ — កាលពីថ្ងៃចន្ទ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បាននិយាយថា រដ្ឋាភិបាលនឹងប្រើគ្រប់មធ្យោបាយដែលមានដើម្បីទាញចេញនូវការស្តារឡើងវិញនៃសេដ្ឋកិច្ចភ្លាមៗ ដោយហៅត្រីមាសទី ៣ នៃឆ្នាំនេះថា ជារយៈពេលដ៏សំខាន់មួយ។

លោកបានកត់សម្គាល់ថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី ៤ នៅអាស៊ីមួយនេះ បានបង្ហាញអំពីកំណើនអវិជ្ជមានសម្រាប់ ២ត្រីមាសជាប់ៗគ្នាដោយសារការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ដែលមានន័យថា សេដ្ឋកិច្ចបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចហើយ បើទោះបីជាលោក Moon មិនបានប្រើពាក្យនោះជាសាធារណៈក៏ដោយ។

លោកប្រធានាធិបតីរូបនេះបាននិយាយនៅចំពោះមុខអ្នកសារព័ត៌មាននៅដើមដំបូងនៃកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយជំនួយការជាន់ខ្ពស់របស់ការិយាល័យ Cheong Wa Dae ថា «យើងមើលឃើញថា ត្រីមាសទីបីជាឱកាសមួយដែលមិនអាចរំលងបាន ដោយរដ្ឋាភិបាលនឹងប្រមូលវិធានការគោលនយោបាយផ្សេងៗសម្រាប់ការបោះជំហានទៅមុខជាបន្ទាន់»។

លោកបានសង្កត់ធ្ងន់ថា នៅពេលដែលសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងមានដំណើរការល្អប្រសើរបើប្រៀបធៀបជាមួយប្រទេសធំៗដទៃទៀតក្នុងពេលមានវិបត្ដិនៃមេរោគឆ្លងកូវីដ-១៩ នោះ វាដល់ពេលត្រូវ ផ្តោតការខិតខំទាំងអស់ដើម្បីចេញពីផ្លូវរូងក្រោមដីនៃការលូតលាស់ថយក្រោយ នឹងធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញ។

លោកបានបង្ហាញនូវទស្សនវិស័យសុទិដ្ឋិនិយមដោយចង្អុលបង្ហាញទិន្នន័យកាលពីខែមិថុនា និងកក្កដា ដែលបានបង្ហាញថា មានការរីកចម្រើនបន្តិចម្តងៗ ជាពិសេសតម្រូវការក្នុងស្រុកដែលជាសរសរគ្រឹះនៃសេដ្ឋកិច្ចរបស់ប្រទេសជាតិ រួមជាមួយការនាំចេញ។

លោក មូន បាននិយាយថា «រដ្ឋាភិបាលព្យាករណ៍ថា សេដ្ឋកិច្ចនឹងអាចងើបឡើងវិញនៅដើមត្រីមាសទី ៣ ប្រសិនបើរដ្ឋាភិបាល និងវិស័យឯកជនចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងទាំងឡាយ»៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)