សម្តេចតេជោ អនុញ្ញាតឱ្យដំណើរការឡើងវិញ រាល់សកម្មភាពហាត់ប្រាណ លេងកីឡាតាមទីធ្លាសាធារណៈ និងបរិវេណស្តាតអូឡាំពិក

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៨ ០៧ ២០២០


MC៖សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន អនុញ្ញាតឱ្យបើកដំណើរការឡើងវិញរាល់សកម្មភាពហាត់ប្រាណ លេងកីឡាតាមទីធ្លាសាធារណៈ និងបរិវេណស្តាតអូឡាំពិក ដើម្បីអាចឲ្យប្រជាពលរដ្ឋហាត់ប្រាណដើម្បីសុខភាព។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡា ដែលវិទ្យុជាតិកម្ពុជាទទួលបានបានឲ្យដឹងថា ការបើកឲ្យដំណើរការឡើងវិញនូវសកម្មភាពហាត់ប្រាណ លេងកីឡាតាមទីធ្លាសាធារណៈនៅតាមរាជធានី ខេត្ត និងក្នុងបវិវេណពហុកីឡដ្ឋានជាតិអូឡាំពិកនេះ ដោយសារបច្ចុប្បន្ននេះការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាមានស្ថានភាពល្អប្រសើរ និងអាចគ្រប់គ្រងបាន។
ក្រសួងអប់រំបានបញ្ជាក់ថា នៅក្នុងការអនុញ្ញាតឱ្យដំណើរការឡើងវិញនេះ ក្រសួងស្នើឱ្យទីកន្លែងហាត់ប្រាណនិងលេងកីឡាទាំងអស់ ត្រូវបន្តគោរពតាមវិធានសុវត្ថិភាពសុខភាពរបស់ក្រសួង សុខាភិបាល និងអង្គការសុខភាពពិភពលោកយ៉ាងត្រឹមត្រូវនិងម៉ឺងមាត់ ដូចជា រក្សាអនាម័យជាប្រចាំដោយលាងសម្អាតដៃនឹងសាប៊ូ ទឹកអាល់កុល ដែលសម្លាប់មេរោគ ពាក់ម៉ាស់និងវ៉ាស់កម្តៅ , រក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយរក្សាចម្ងាយពីម្នាក់ទៅម្នាក់យ៉ាងតិច ១.៥ ម៉ែត្រ , ទីកន្លែងហាត់ប្រាណ និងកន្លែងលេងកីឡា ត្រូវបាញ់ថ្នាំសម្លាប់មេរោគ និងធ្វើអនាម័យជាប្រចាំ , ត្រូវធានាថា កន្លែងហាត់ប្រាណ និងកន្លែងលេងកីឡា មិនមែនជាកន្លែងឆ្លងជំងឺកូវី១៩ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ មីនា ក្រសួងអប់រំយុវជននិងកីឡា បានចេញសេចក្តីជូនដំណឹងតម្រូវឲ្យការអនុវត្តសកម្មភាពនានាក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ដោយអនុវត្តសកម្មភាពឫការជួបជុំណាមួយ ឫការហាត់ប្រាណ សូមរៀបចំនិងអនុវត្តក្នុងទ្រង់ទ្រាយតូចក្រោម ១០ នាក់ ដើម្បីកាត់បន្ថយហានិភ័យខ្ពស់ការឆ្លងជំងឺកូវីដ១៩ ៕