រាជរដ្ឋាភិបាលបំពាក់ម៉ាស៊ីនផលិតទឹកបរិសុទ្ធទំនើបនៅតាមមន្ទីរពេទ្យរដ្ឋ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៨ ០៧ ២០២០

MC: រាជរដ្ឋាភិបាល បំពាក់ម៉ាស៊ីនផលិតទឹកបរិសុទ្ធទំនើបនៅតាមមន្ទីរពេទ្យរដ្ឋ ដើម្បីឱ្យអ្នកជំងឺ ក៏ដូចជាគ្រូពេទ្យនៅទីនោះទទួលបានទឹកស្អាតបរិភោគប្រកបដោយសុវត្ថិភាព និងកាត់បន្ថយពីការទិញទឹកសម្រាប់ពិសារពីខាងក្រៅ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រាជរដ្ឋាភិបាល បានទិញម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយប្រើបច្ចេកវិទ្យាពីប្រទេសអ៊ីស្រាអែលចំនួន៥គ្រឿង ដោយក្នុង១គ្រឿងៗតម្លៃជាង៦ម៉ឺនដុល្លារអាមេរិក សម្រាប់ផ្តល់ជូនមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងកាកបាទក្រហមកម្ពុជា។
ថ្លែងក្នុងពិធីប្រគល់ និងទទួលម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាស ដែលជាអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ នៅមន្ទីរពេទ្យកាលម៉ែត នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ម៉ាស៊ីនផលិត ទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ-WATERGEN (ប្រភេទ GEN-M) គឺជាបច្ចេកវិទ្យារបស់ប្រទេសអ៊ីស្រាអែល ដែលមានសមត្ថភាពផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស បានប្រមាណ៨០០ លីត្រ ក្នុងមួយថ្ងៃ ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ និងអាចចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផ្សេងៗ ថែមទៀតផង។ ម៉ាស៊ីនផលិតទឹកបរិសុទ្ធនេះ សម្លាបើមេរោគដោយកាំរស្មីUV និងមានអាយុកាលប្រើប្រាស់រហូតដល់១៥ឆ្នាំ។
សម្រាប់កាកបាទក្រហមកម្ពុជា នឹងផ្តល់ជូនម៉ាស៊ីនផលិត ទឹកបរិសុទ្ធដោយបរិយាកាសនេះ រួមជាមួយរថយន្តចល័ត និងម៉ាស៊ីនភ្លើងមួយឈុត ក្នុងការធ្វើសកម្មភាពមនុស្សធម៌នៅតាមមជ្ឈដ្ឋាននានាក្នុងប្រទេសកម្ពុជា ដែលអាចនឹងជួបគ្រោះរាំងស្ងួត ឬមានតម្រូវការប្រើប្រាស់ទឹកស្អាត ជាចាំបាច់៕