ឯកឧត្តម សៀ សុភក្រ្ត័ បានចុះជួបសំណេះសំណាល និងចែកអំណោយដល់គ្រួសារក្រីក្រកំពុងជួបការលំបាកខ្វះខាតជីវភាព បណ្តាលមកពីផលប៉ះពាល់នៃវិបត្តិកូវីដ១៩

(ស្រុកល្វាឯម) ៖ រសៀលថ្ងៃច័ន្ទ ៧កើត ខែអាស្រាពណ៏ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម សៀ សុភក្រ្ត័ រដ្ឋលេខាធិកាក្រសួងធម្មការ និងសាសនា អមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រីនិងមន្ត្រី អាជ្ញាធរមូលដ្ឋានបានចែកអំណោយដែលជាអំណោយឧបត្ថម្ភរបស់អង្គការ One-2-One CAMBODIA ដែលមានអង្ករនិង គ្រឿងឧបភោគបរិភោគដែលមានតម្លៃស្មើរនឹង ៤៥ដុល្លារក្នុងមួយគ្រួសារ ជូនដល់គ្រួសារក្រីក្រកំពុងជួបការលំបាកខ្វះខាតជីវភាពបណ្តាលមកពីផលប៉ះពាល់នៃវិបត្តិកូវីដ១៩ នៅក្នុងភូមិតាស្គរ ឃុំសារិកាកែង ស្រុកល្វាឯម ខេត្តកណ្តាល ចំនួន១០០គ្រួសារ។

ក្រោយពីបានស្តាប់របាយការណ៍របស់ លោកសុខឃឿន មេឃុំសារិកាកែវ ស្តីពីដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីអត្តសញ្ញាណកម្ម ក្នុងឃុំរួចមក ឯកឧត្តមបានធ្វើការសំណេះសំណាល និងសាកសួរយោបល់អ្នកចូលរួមប្រជុំទាំងអស់100 នាក់ ដែលពួកគាត់ គឺជាតំណាងឱ្យគ្រួសារទាំងអស់ក្នុងឃុំដែលកំពុងជួបការលំបាកខ្វះខាតជីវភាពបណ្តាលមកពីផលប៉ះពាល់នៃវិបត្តិកូវីដ១៩។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិកាក្រសួងធម្មការ និងសាសនា ក៏បានរំលឹកបងប្អូនប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋានឱ្យបន្តចូលរួមអនុវត្តដោយខ្ជាប់ខ្ជួន តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ទប់ស្កាត់និងជៀសវាងឱ្យបាននូវការចម្លងមេរោគកូរ៉ូណានៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

ទន្ទឹមនោះ សមាជិកម្នាក់ៗ និងគ្រួសារនីមួយៗដោយមានការគាំទ្រពីក្រុមការងារទាំងអស់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំពុះពារជំនះរាល់ការលំបាកខ្វះខាតសព្វបែបយ៉ាង ដែលជាផលប៉ះពាល់បង្កដោយវិបត្តិកូវីដ១៩ ដើម្បីចូលរួមចំណែកក្នុងការរក្សាស្ថេរភាព និងប្រក្រតីភាពនៃជីវភាពរស់នៅក្នុងសហគមន៍មូលដ្ឋាន៕