កម្ពុជាត្រៀមជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ឱ្យទទួលជោគជ័យ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ២៧.៧.២០២០


MC៖កម្ពុជាត្រៀមជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍លើក ទី៣២ឆ្នាំ២០២៣ឱ្យទទួលជោគជ័យដើម្បីលើកកិត្តិយសកម្ពុជាលើវិស័យកីឡាជាប្រវត្តិសាស្ត្រថ្មីមួយទៀត។
អ្នកយកព័ត៌មានធ្វើសេចក្តីរាយការណ៍បន្ថែម……………….
ថ្លែងក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា ឯកឧត្តម វ៉ាត់ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាអគ្គលេខាធិកានៃគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា កម្ពុជាបានត្រៀមរួចជាបណ្តើៗហើយ នូវហេដ្ឋារចនាសម្ព័ន្ធ ការប្រមូលផ្តុំក្រុមកីឡាករជម្រើសជាតិ ដើម្បីត្រៀមស៊ីហ្គេម ២០២៣ ក្នុងចន្លោះប្រភេទកីឡាពី៣០ទៅ៣៥ប្រភេទកីឡា។
ឯកឧត្តមបន្តថា មន្ត្រីជំនាញក៏បានរៀបចំកម្មវិធីហ្វឹកហាត់នៅតាម ផ្ទះ របស់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាគ្រប់សហព័ន្ធកីឡាជាតិទាំងអស់ពង្រឹង ការហ្វឹកហាត់ឱ្យបាន៣ម៉ោង ក្នុងមួយថ្ងៃៗ ដើម្បីឆ្ពោះទៅ ទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បានបន្តថាសម្រាប់ដំណើរការសាងសង់ពហុកីឡាដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញកំពុងដំណើរសាងសង់យ៉ាងសកម្មមិនផ្អាកនោះឡើយ ដោយនៅដំណាច់ខែធ្នូ ឆ្នាំ២០២០នេះនឹងសម្រេចរួចរាល់ ជាស្ថាពរ។
សំឡេង៖ «វាមិនមែនតែជាការប្រកួតកីឡាមួយមុខនោះទេ ការប្រកួតកីឡាស៊ីហ្គេមគឺជាពិធីបុណ្យកីឡា ដ៏ធំមួយ សម្រាប់បង្ហាញនៅអត្តសញ្ញណ មិត្តភាព សាមគ្គីភាព និងការផ្លាស់ប្តូរវប្បធម៌ គ្នាទៅវិញទៅមក រវាងយុវជននៅបណ្តាលប្រទេស អាស៊ីអាគ្នេយ៍ វាមានអត្ថន័យជ្រៅជាងការប្រកួតកីឡាទៅទៀត ។បណ្តាលប្រទេសអាស៊ីអាគ្នេយ៍ជួបជុំគ្នាផ្លាស់ប្តូរវប្បធម៌គ្នា ស្វែងរកការយោគយល់គ្នា បង្កើតឲ្យមាន សន្តិភាពនៅក្នុងចិត្តរបស់យើង បង្កឲ្យមានភាពការអភិវឌ្ឍន៍គ្នា ។ដើម្បីឲ្យយុវជន ទាំងអស់ក្នុងអាស៊ាន បន្តកេលដំណែល រក្សាសន្តិភាពនៅក្នុងតំបន់របស់យើង តទៅមុខទៀត»។
សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នោះកម្ពុជាមានផែនការសំខាន់ៗ៥ចំណុចមានដូចជា៖ទី១- ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពីកម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ទី២- រៀបចំផ្លាស់ប្ដូរឥរិយាបថប្រជាជនក្នុងមូលដ្ឋានលើភាពស្អាត និងបៃតង និង កាត់បន្ថយភាពអសកម្មក្នុងសង្គម ទី៣-រៀបចំអប់រំប្រជាជនឱ្យស្គាល់តម្លៃនៃការធ្វើ សកម្មភាពអប់រំ និងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ទី៤- រៀបចំរូបសំណាក ឬផ្ទាំង ផ្សព្វផ្សាយរៀបចំព្រឹត្តិការណ៍កីឡាមហាជន កម្មវិធីកីឡាកម្មវិធីសិល្បៈ វប្បធម៌ អំឡុងពេល ស៊ីហ្គេម ឆ្នាំ២០២៣ និងទី៥-សហការ និងជួយរៀបចំសកម្មភាពរបស់គណៈកម្មាធិការជាតិ SEA Games នៅរាជធានី-ខេត្ត ដែលផែនការនេះត្រូវបានដាក់ចេញ សម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិមានរាជធានី-ខេត្តទាំងអស់ត្រូវចូលរួមអនុវត្តន៍ ហើយណែនាំឱ្យប្រជាពលរដ្ឋស្គាល់ នូវ កាតព្វកិច្ចរបស់ខ្លួន ដើម្បីផ្សព្វផ្សាយនៅគ្រប់ទីកន្លែងតាមរាជធានី-ខេត្ត មន្ទីរ ស្រុក ឃុំ និងភូមិ ជាដើម៕