ក្រសួងសុខាភិបាល ច្រានចោលព័ត៌មានមិនពិតថាមានករណីឆ្លងជំងឺកូវីដ១៩លើលោកមិញសុធី វណ្ណពីប្រពន្ធគាត់ដែលទើបនឹងមកពីប្រទេសសហរដ្ឋអាមេរិកកាលពីថ្មីៗនេះ

វិទ្យុជាតិកម្ពុជា


MC. ក្រសួងសុខាភិបាល ច្រានចោលព័ត៌មានមិនពិតថាមានករណីឆ្លងជំងឺកូវីដ១៩លើលោកមិញសុធី
វណ្ណពីប្រពន្ធគាត់ដែលទើបនឹងមកពីប្រទេសសហរដ្ឋអាមេរិកកាលពីថ្មីៗនេះ។
លោកជំទាវឱ វណ្ឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា
គ្មានករណីបែបនេះឡើយដោយក្រសួងតែងតែផ្តល់បច្ចុប្បន្នភាពពីស្ថានភាពកូវីដ-១៩ នៅកម្ពុជា ដោយភាពជាក់លាក់ និងមានតម្លាភាព។
ការចេញបំភ្លឺព័ត៌មានភ្លាមៗរបស់អ្នកនំាពាក្យក្រសួងសុខាភិបាលនេះបានធ្វើឡើង បន្ទាប់ពីមាន ករណីចែកចាយសារក្នុងបណ្តាញសង្គមគ្មានប្រភពច្បាស់លាស់ថា លោកមិញសុធីវណ្ណហៅតូអ្នកលេងភ្លេង និងជាឧត្តមសេនីយ៍នៅក្រសួង មហាផ្ទៃបានប្រាប់កូនតាថា តូគាត់បានឆ្លងកូវីដពីប្រពន្ធគាត់ដែលទើបនឹងមកពីអាមេរិកថ្មីៗនេះដែល គាត់ទើបទទួលលទ្ធផលtest ថ្ងៃនេះ។ គាត់រស់នៅបុរីប៉េងហួតបឹងស្នោ។ ឥឡូវនេះអង្គភាពធ្វើការរបស់គាត់ នៅក្រសួង មហាផ្ទៃត្រូវបានបញ្ជាឲ្យបិទ៣ថ្ងៃ។ គាត់អាចចម្លងទៅក្រុមគ្រួសារ កូនរបស់គាត់ សហការីរួមការងារ និងសហគមន៍ នៅក្នុងបុរីដែលគាត់
រស់នៅដោយគាត់បានចូលរួមពិធីជប់លៀងជួបជុំគ្នាជាហូរហែរប៉ុន្មានថ្ងៃមុននេះ។ដោយឡែកករណីឆ្លងតាមជើងយន្តហោះពីចិនចំនួនជាង១០ករណីទៀត មិនត្រូវបានផ្សព្វផ្សាយដោយក្រសួងសុខាភិបាលទេ។
ពាក់ព័ន្ធនឹងសារអេឡិចត្រូនិកដោយអណាមឹកនេះ លោកជំទាវឱ វណ្ឌីន បានច្រានចោលទាំងស្រុង និងបានអំពាវនាវសូមអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការលើជនបំពុលសង្គមជាបន្ទាន់ ដើម្បីការពារកុំឲ្យសាធារណៈជនមានការភាន់ច្រលំ៕