អប់រំសេវាករទេសចរឱ្យគោរពវិធានការការពារជំងឺឆ្លងកូវីដ១៩ដើម្បីស្វាគមន៍ភ្ញៀវទេសចរប្រកបដោយភាពកក់ក្តៅ

វិទ្យុជាតិកម្ពុជា៖លោកស្រី ធីណា ឌីណេ27,07,2020


MC៖ អាជ្ញាធរខេត្តកែបបន្តចុះអប់រំសេវាករទេសចរឱ្យគោរពនូវវិធានការការពារជំងឺឆ្លងកូវីដ-១៩ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ ប្រកបដោយភាពកក់ក្តៅ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាត្ដិឱ្យពលរដ្ឋ ឈប់សម្រាកមួយសប្ដាហ៍ ជំនួសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរចាប់ពីថ្ងៃទី១៧-២១ខែសីហា ឆ្នាំ២០២០ខាងមុខនេះ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម……
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប មានប្រសាសន៍ឱ្យដឹងថាក្នុងឱកាសឈប់សម្រាកជំនួសពិធីបុណ្យចូលឆ្នាំខ្មែរនៅខែសីហាខាងមុខនេះ ចំនួនអ្នកទេសចរក្នុងស្រុកអាចនឹងមានការកើនឡើងច្រើនទ្វេដង ជាពេលបច្ចុប្បន្ននេះ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរនេះរដ្ឋបាលខេត្តនឹងពង្រឹងការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងនោះ អាជ្ញាធរពាក់ព័ន្ធនានា បានជំរុញឲ្យសេវាករទេចរណ៍ទាំងអស់ ត្រូវពង្រឹងគុណភាពសេវាកម្ម និងផលិតផលទេសចរណ៍ ដោយត្រូវប្រកាន់ភ្ជាប់នូគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។
ឯកឧត្តមបានបញ្ជាក់ថា ម្ចាស់អាជីវកម្មភោជនីយដ្ឋាននិងអាហារដ្ឋាន, សេវាកម្មដឹកជញ្ជូនផ្លូវទឹក, សេវាកម្មដឹកជញ្ជូនផ្លូវគោក, រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព រួមជាមួយនឹងការលើកកម្ពស់អនាម័យម្ហូបអាហារ បរិស្ថាន និងការរក្សាតម្លៃផលិតផល និងសេវាកម្មឲ្យបានសមរម្យ ក្នុងឱកាសឈប់សម្រាករយៈពេលវែងនេះ។
សំឡេង៖« អាជ្ញាធរមូលដ្ឋានដែនដីហើយនិងកងកម្លាំងប្រដាប់អាវុធមានតួនាទីភារកិច្ចកាតព្វកិច្ច ធ្វើយ៉ាងម៉េចការពារសន្តិសុខឱ្យប្រជាពលរដ្ឋសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេង កម្សាន្តនៅក្នុងមូលដ្ឋានរបស់យើងឲ្យទទួលបានសុវត្ថិភាពល្អប្រសើរទាំងការផ្សព្វផ្សាយនិងអប់រំ ដែលយើងបាន បំពាក់មេក្រូផ្សព្វផ្សាយណែនាំ ហើយយើងនឹង ខិតខំណែនាំជំរុញទៅអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ក៏ដូចជាមន្ទីរជំនាញនានាទូទាំងខេត្តគឺខិតខំ ចុះទៅពន្យល់ណែនាំអប់រំប្រជាពលរដ្ឋ ដើម្បីត្រៀមលក្ខណៈនៃថ្ងៃឈប់សម្រាកខាងមុខនេះ ធ្វើយ៉ាងម៉េចគឺឲ្យទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឲ្យទទួលបាននូវលទ្ធផលល្អប្រសើរ ហើយខិតខំបង្កាទប់ស្កាត់ជាមុនកុំឲ្យមានបញ្ហាអ្វីមួយកើតឡើងជាយេថាហេតុ»។
សូមបញ្ជាក់ថាក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសស្តីពីវិធានការ៦ចំណុចក្នុងការទប់ស្កាត់នៅជំងឺកូវីដ១៩សម្រាប់សងនៅថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចំនួន៥ថ្ងៃចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែសីហា ដោយអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅវិធានការការពារខ្លួនពីការចម្លងវីរុសកូវីដ១៩ ដោយយកចិត្តទុកដាក់ដោយ ទី១ ការជ្រើសរើសជួបជុំគ្រួសារ ឬដំណើរកំសាន្តប្រកបដោយសុវតិ្តភាពនិងមានការចំលងជំងឺ ទី២ ការជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាព កាត់បន្ថយនៅអតិប្បរិមានៅការចំលងនៅជំងឺ ទី៣ ជ្រើសរើសទីកន្លែងស្នាក់នៅប្រកបដោយមានសុវត្ថិភាព កាត់បន្ថយនៅហានិភ័យនៃការចំលង ជំងឺ ទី៤ជ្រើសរើសការទទួលទានអាហារប្រកបដោយសុវត្ថិភាព មិនបង្កដោយការចំលងនៃជំងឺ ទី៥បុគ្គលម្នាក់ៗត្រូវ ថែរក្សាអនាម័យជានិច្ច និងទី៦ ត្រូវរក្សាគម្លាតសុវត្តិភាពបុគ្គល ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថាទោះបីជាប្រទេសកម្ពុជា មិនទាន់មានការចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ក៏ដោយ ក៏វីរុសកូវីដ-១៩ នេះ នៅតែកំពុងបន្តរាតត្បាតយ៉ាងខ្លាំងនៅលើពិភពលោក និងនៅក្នុងតំបន់ ហើយការរកឃើញវិជ្ជមានវីរុសកូវីដ-១៩ លើអ្នកដំណើរជាបន្តបន្ទាប់កន្លងមកនេះ បានមកពញ្ញាក់ស្មារតីបុគ្គលគ្រប់រូបកុំឱ្យភ្លេចខ្លួន ដោយត្រូវការពារខ្លួន តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីកុំអោយឆ្លងវីរុសដ៏កាចសាហាវនេះ ដែលនឹងអាចកើតមានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងទាំងអស់៕