ប្រជាកសិករស្រុកមោងឬស្សីចងក្រងដាំម្នាស់ សម្រាប់ផ្តត់ផ្គងទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូលផ្គត់ផ្គង់ក្នុងគ្រួសារ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ វ៉ែន សុវុទ្ធី


MC:ប្រជាកសិករនៅស្រុកមោងឬស្សីចំនួន៥០គ្រួសារបានចងក្រងជាបណ្តុំអាជីវកម្មកសិកម្មដាំម្នាស់ សម្រាប់ផ្តត់ផ្គងទីផ្សារក្នុងខេត្តផ្ទាល់ និងរាជធានីភ្នំពេញ ដើម្បីបង្កើនប្រាក់ចំណូលផ្គត់ផ្គង់ក្នុងគ្រួសារ។
អ្នកយកព័ត៌មានយើងរាយការណ៍មន្ថែម……….
លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា សព្វថ្ងៃនេះប្រជាកសិករចំនួន៥០គ្រួសារដែលបានចងក្រងជាបណ្តុំអាជីវកម្មកសិកម្មដាំម្នាស់នេះត្រូវបានមន្រ្តីជំនាញចុះផ្តល់បច្ចេកទេសកសិកម្មថ្មីដែលធនទៅនឹងការប្រែប្រួលអាកាសធាតុផ្ទាល់ទៅដល់កសិករ ដើម្បីធ្វើយ៉ាងណាធានាឲ្យការដាំដុះទទួលបានទិន្នផលខ្ពស់ចំណេញពេលវេលា។
លោកបញ្ជាក់ទៀតថា ការចងក្រងកសិករជាបណ្តុំអាជីវកម្មកសិកម្មក្នុងការដាំម្នាស់នេះ ពិតជាបានធ្វើឲ្យពួកគាត់អាចទទួលបានទាំងបទពិសោធន៍ បច្ចេកទេសកសិកម្មត្រឹមត្រូវ និងទទួលបានប្រាក់ចំណូលច្រើនពីមុខរបរមួយនេះ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារនិងកាត់បន្ថយការចំណាកស្រុក។
(សំឡេង)«មានការធានាពីសុវត្ថិភាព គុណភាព និងតម្រូវការទីផ្សារគុណភាពបានន័យថាទំហំផ្លែ បានន័យថា អង្កត់ផ្ចិតវា១០ទៅ១៥ក្នុងផ្លែមួយ ដែលយើងគិតថាតំលៃវា ១៥០០ឬ១០០០រៀល ទៅតាមក្រេដការណត់គ្នារវាងអ្នកបញ្ជាទិញនិងអ្នកផលិត យើងនឹងធ្វើកុងកាត់ហ្វាមីនជាមួយនិងគាត់ហើយនៅក្នុងនឹងមាន៥០គ្រួសារដែលនៅក្នុងបណ្តុំអាជីវកម្ម ចឹងយើងធ្វើការជាមួយអ្នកផ្គត់ផ្គង់ អ្នកបញ្ជាទិញមានមីក្រូហិរញ្ញវត្ថុដើម្បីមកធ្វើការពិភាក្សាវាយតំលៃនៅកិច្ចការងារនឹង»។
លោកស្រី ហន ឃន អាយុ៥៥ឆ្នាំ រស់នៅភូមិកូនក្អែក១ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានឲ្យដឹងថា គាត់បានដាំម្នាស់រយៈពេល១០ឆ្នាំមកហើយ មានផ្ទៃដីធ្វើស្រែទំហំ ២ហិកតា ។ លោកស្រីបានបន្តថា ការដាំម្នាស់របស់គាត់ តាំងពីចាប់ផ្តើមដាំមានអាយុពី៤ទៅ៨ខែទើបចាក់ថ្មស្អុយ ដើម្បីឱ្យវាចេញផ្លែ ហើយក្រោយពីចាក់ថ្មស្អុយរួចរយៈពេល៤ខែកន្លះ ទើបចាប់ផ្តើមប្រមូលផល។
សូមជម្រាប់ថា បណ្តុំអាជីវកម្មដាំម្នាស់ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២០ នៅឃុំរបស់មង្គល ស្រុកមោងឬស្សី ដែលមានកសិករចំនួន៥០គ្រួសារ ក្នុងទំហំផ្ទៃដីដាំដុះម្នាស់ ជាង ៤៨ហិកតា៕