កសិករខេត្តមណ្ឌលគិរីចាប់ផ្តើមចិញ្ចឹមខ្យងដើម្បីផ្គត់ផ្គង់ទីផ្សារ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 27,07,2020


MC ៖ ខ្យងចិញ្ចឹមក្នុងខេត្តមណ្ឌលគិរីកំពុងមានទីផ្សារល្អ ខណៈខ្យងធម្មជាតិកំពុងខ្សត់ខ្សោយ នៅតាមបឹងធម្មជាតិឬវាលស្រែ ដែលតម្រូវឲ្យមានការចិញ្ចឹមដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារនាពេលបច្ចុប្បន្ននេះ ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍…………….
លោក ហាច ឆន ម្ចាស់កសិដ្ឋានចិញ្ចឹមខ្យងនៅឃុំអូរណារ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី បានឲ្យដឹងថា ការចិញ្ចឹមខ្យងតាមបែបធម្មជាតិ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនទាំងក្នុងនិងក្រៅខេត្ត ដោយក្នុងមួយថ្ងៃៗរកខ្យងលក់សឹងមិនគ្រប់ ។
លោកបន្តថា បច្ចុប្បន្នកសិដ្ឋាននេះលក់តែប្រភេទខ្យងពូជ ដើម្បីលក់ចែកចាយបន្តជូនកសិករដែលមានបំណងចង់ចិញ្ចឹម យកទៅចិញ្ចឹមយកសាច់សំរាប់លក់បន្ត ដោយខ្យងពូជលក់បានតម្លៃ៣ម៉ឺនរៀលក្នុងមួយគីឡូក្រាម ដែលក្នុង១ខែអាចលក់បានចន្លោះពី១០០-១៥០គីឡូក្រាម ។
លោកបានបន្តថា ការចិញ្ចឹមខ្យងរបស់កសិដ្ឋាននេះ គឺចិញ្ចឹមតាមគោលការណ៍បែបធម្មជាតិ ដោយមិនប្រើចំណីអ្វីផ្សេងក្រៅពីផ្លែឈើ ឬសរុក្ខជាតិ បន្លែ ឬចំណីត្រីនោះឡើយ ដែលបានជួយធ្វើឲ្យជីវភាពគ្រួសាររបស់លោកមានភាពល្អប្រសើរ ។
សំឡេង : ( ទាក់ទងនឹងមុខរបរចិញ្ចឹមខ្យងនេះ គឺវាផ្តល់អត្ថប្រយោជន៍ គឺធ្វើឱ្យគ្រួសារយើងហ្នឹងមានការងារធ្វើនៅក្នុងផ្ទះដោយមិនចាំបាច់ចំណាកស្រុកទេ គឺយើងមានផលប្រយោជន៍ ហើយយើងអាចចិញ្ចឹមតាមគោលការណ៌ធម្មជាតិ គឺយើងអាចហូបតែមានទំនុកចិត្ត ហើយយើងអាចលក់បង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ ហើយគឺយើងបានទុនបន្ទាប់ពីការលក់នេះគឺយើងអាចយកទៅពង្រីកអាងចិញ្ចឹមខ្យងឲ្យច្រើនជាងមុន ឬអាងចិញ្ចឹមផ្សេងៗឲ្យបានច្រើនជាងមុន ហើយយើងបានសាយភាយទាក់ទងទៅនឹងការចិញ្ចឹមរបស់យើងហ្នឹង គឺមានកសិករក្នុង ឬខេត្តផ្សេង គាត់មានចំណាប់អារម្មណ៍ចិញ្ចឹម ដែលបានធ្វើឲ្យកសិកររបស់យើងមានប្រាក់ចំណូលបន្ថែមនូវលើមុខរបរនេះផងដែរ ) ។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា មុខរបរចិញ្ចឹមខ្យងធម្មជាតិមិនត្រឹមតែធានាការផ្គត់ផ្គង់ការហូបចុករបស់ប្រជាពលរដ្ឋបានគ្រប់គ្រាន់នៅក្នុងខេត្តនិងបណ្តាខេត្តដទៃទៀតប៉ុណ្ណោះទេ ប៉ុន្តែបានជួយលើកកម្ពស់ជីវភាពប្រជាកសិករឲ្យកាន់តែល្អប្រសើរនៅក្នុងស្ថានភាពកម្ពុជានិងពិភពលោកកំពុងជួបវិបត្តិនៃជំងឺកូវីដ១៩។
សូមបញ្ជាក់ថា កសិដ្ឋានរបស់លោក ហាច ឆនមានអាងចិញ្ចឹមខ្យងចំនួន២០អាងហើយគ្រោងពង្រីកបន្ថែមឲ្យបាន១០០អាង ដើម្បីឆ្លើយតបទៅនឹងការផ្គត់ផ្គង់ក្នុងខេត្ត និងបណ្តាខេត្តដទៃទៀត ៕