រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញដល់ប្រពន្ធ័ផ្សព្វផ្សាយរបស់រដ្ឋ ផលិតព័ត៌មានពីរបៀបសម្ងួតស្រូវ និងដំឡូងមី ដើម្បី ផ្តល់ចំណេះដឹងដល់ប្រជាកសិករ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៧ កក្កដា ២០២០


MC៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញដល់ប្រពន្ធ័ផ្សព្វផ្សាយរបស់រដ្ឋ ផលិតព័ត៌មានពីរបៀបសម្ងួតស្រូវ និងដំឡូងមី ដោយយកគំរូពីឡតិ៍សម្ងួតធំៗនៅកម្ពុជា ដើម្បី ផ្តល់ចំណេះដឹងដល់ប្រជាកសិករ។
ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ចុងខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញដល់ប្រពន្ធ័ផ្សព្វផ្សាយបស់ជាតិទាំងអស់ បន្តផលិតកម្មវិធីថ្មីៗ ទាក់ទងចំណេះទូទៅ ក៏ដូចរបៀបធ្វើកិច្ចការងារថ្មីៗបន្ថែមទៀត ដើម្បីផ្តល់នូវការយល់ដឹងជូនដល់សាធារណៈជន បានកាន់តែប្រសើរឡើង ។ ឯកឧត្តម បានអោយក្រុមការងារព័ត៌មាន ត្រូវចុះថត និងសរសេរអត្ថបទ ទាក់ទងនឹងទីតាំង សម្ងួតស្រូវ ដំឡូងមីជាដើមដែល មានទីតាំងធំទូលាយ ដែលមានកន្លែងរក្សា និងសម្ងួត ស្រូវ ឬ ដំឡូង បានរាប់សិបតោន បានយូរមិនមានខូចគុណភាព ដើម្បីផ្សាយអោយប្រជាពលរដ្ឋបានដឹង និងធ្វើតាម ។
ឯកឧត្តម រដ្ឋមន្រ្តី បានក្រើន រំលឹកដល់អ្នកសរសេរអត្ថបទព័ត៌មាន ត្រូវរំលេចនូវអ្វីដែលជាចំណុចសំខាន់ជាងគេ ជាមុនសិន ដោយមិនត្រូវ ដាក់ចំណុចសំខាន់នៅកណ្តាលអត្ថបទ ឬនៅចុងបញ្ចប់នៃអត្ថបទនោះទេ។ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្រ្តី គ្រប់ផ្នែកពាក់ពន្ធ័ បន្តអនុវត្តន៍អោយបាននូវផែនការ និងសកម្មភាពការងារនានា របស់ក្រសួងព័ត៌មាន មានការទទួលខុសត្រូវខ្ពស់ ហើយធ្វើកិច្ចសហការល្អ ជាមួយគ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ដើម្បីពន្លឿនការងារបានឆាប់ទៅមុខទៀត៕