សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យអង្គភាពពាក់ព័ន្ធផ្ដល់តម្លៃលើកទឹកចិត្តដល់មន្ត្រីមានសមត្ថភាព

វិទ្យុជាតិកម្ពុជា៖លោកជួន បូណា ២៧ ០៧ ០២០


MC៖ សម្ដេចក្រឡាហោមស ខេង ណែនាំឱ្យអង្គភាពពាក់ព័ន្ធផ្ដល់តម្លៃលើកទឹកចិត្តដល់មន្ត្រីមានសមត្ថភាព ដើម្បីប្រសិទ្ធិភាពការងារ និងកាត់បន្ថយបក្សពួកនិយម។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាអង្គភាពពាក់ពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្ដល់តម្លៃ និងការលើកទឹកចិត្តដល់មន្ត្រី ដែលមានសមត្ថភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ ដែលបញ្ចប់ការសិក្សានៅបណ្ឌិត្យសភា ឬនៅក្រៅប្រទេស ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ (២០១៥-២០១៩)និងលើកទិសដៅការងារសម្រាប់រយៈពេល៥ឆ្នាំបន្តរបស់បណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០សម្តេចក្រឡាហោមបានបញ្ជាក់ថា ការបណ្តុះបណ្តុះបណ្តាលនេះ ជាផ្នែកសំខាន់ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្ដ្រ៥ឆ្នាំបន្ដ ឲ្យទទួលបានជោគជ័យ និងសមិទ្ធផលថ្មីៗបន្ថែមទៀត លើការងារបណ្ដុះបណ្ដាលជំនាញនគរបាលជាតិកម្ពុជា។
ជាមួយគ្នានោះ សម្តេចក្រឡាហោមស្នើឱ្យអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ត្រូវពិនិត្យឡើងវិញលើកញ្ចប់ថវិកាប្រចាំឆ្នាំ២០២១ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានកាត់ចេញ នឹងត្រូវខិតខំសម្របសម្រួល ជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរក្សាកញ្ចប់ថវិកាតាមសំណើរបស់បណ្ឌិត្យសភានគរបាលកម្ពុជា សម្រាប់គាំទ្រដល់វគ្គសិក្សានានាដែលត្រូវបណ្តុះបណ្តាល ។
សម្តេចក្រឡាហោមបានណែនាំបន្ថែមដល់ ថ្នាក់ដឹកនាំនៃបណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវជំរុញការងារស្រាវជ្រាវ វិទ្យាសាស្ត្រនគរបាល និងត្រូវប្រមូលព័ត៌មាន ទាក់ទងទៅនឹងការប្រើប្រាស់ធនធានមនុស្ស ដែលបានបណ្ដុះបណ្ដាលរួច នៅតាមអង្គភាពប្រើប្រាស់កងកម្លាំងនានា។ ក្នុងន័យនេះ សម្ដេចស្នើសុំឲ្យគ្រប់អង្គភាពពាក់ព័ន្ធ ផ្ដល់កិច្ចសហការល្អជាមួយនឹងក្រុមការងារ ស្រាវជ្រាវរបស់បណ្ឌិត្យសភានគរបាលកម្ពុជា៕