រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសបិទវិទ្យុណាដែលឆ្លងរលកសញ្ញាដោយមិនកែតម្រូវតាមបច្ចេកទេស

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៧ កក្កដា ២០២០


MC៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា បើសិនជាវិទ្យុណាមួយមានការឆ្លងរលកសញ្ញាជាមួយអាកាសចរណ៍ស៊ីវិល អាចនឹងឈានដល់ការបិទ បើមិនកែតម្រូវតាមបច្ចេកទេស ដើម្បីបញ្ចៀស គ្រោះថ្នាក់សម្រាប់អ្នកធ្វើដំណើរតាមផ្លូវអាកាស។
ក្នុងពិធីចុះហត្ថលេខា ស្ដីពី «វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាស នៅក្នុងដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជា» នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ នាទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ពីមុនមានយន្តហោះតិច ហើយវិទ្យុក៏តិច ប៉ុន្ដែឥឡូវនេះវិទ្យុមានច្រើន ដែលអាចមានបញ្ហាឆ្លងចូលទៅប្រព័ន្ធបញ្ជារបស់យន្តហោះអាចបង្កឲ្យមានគ្រោះថ្នាក់កើតឡើង។ ម៉្យាងទៀតដោយសារតែម៉ាស៊ីនផ្សាយរបស់ស្ថានីយ៍មួយចំនួន ដើម្បីសន្សំសំចៃថវិកាគឺគាត់តំឡើង ជួសជុលដោយខ្លួនឯង ដូច្នេះវាធ្វើឲ្យប៉ះពាល់ដល់ការបញ្ជារលកសញ្ញារបស់យន្តហោះ ដែលអាចបង្កគ្រោះថ្នាក់ធំ ដល់សុវត្ថិភាពនៃការហោះហើររបស់អ្នកដំណើរ និងប្រទេសទាំងមូល ។
តាមរយៈនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងព័ត៌មាន បានចាត់វិធានការជាបន្តបន្ទាប់ ប្រសិនបើពិនិត្យឃើញថាវិទ្យុណាមានការឆ្លងរលកសញ្ញា ក្រសួង បានចេញប្រកាសឲ្យ ផ្អាកជាបណ្ដោះអាសន្ន ដើម្បីឲ្យកែតម្រូវបច្ចេកទេស។ បន្ទាប់ពីការកែតម្រូវ ហើយ ក្រសួងនឹងចុះទៅពិនិត្យ ថាតើគាត់កែតម្រូវនេះត្រូវតាមស្តង់ដាបច្ចេកទេសឬអត់ បើសិនជាឃើញគាត់កែតម្រូវបាត់ឆ្លងរលកសញ្ញាហើយ គឺក្រសួងនឹងអនុញ្ញាតឲ្យបើកដំណើរការផ្សាយឡើងវិញជាធម្មតា។ ប៉ុន្តែក្នុងករណីមិនកែតម្រូវទេ ក្រសួងនឹងប្រកាសឲ្យផ្អាកដំណើរការផ្សាយ ឬដកអាជ្ញាប័ណ្ណ ។ ឯកឧត្តម បន្ថែមថា កន្លងមក ក្រសួងបានបិទវិទ្យុ ១០៧របស់ប៉ុស្តិ៍លេខ៩ និងវិទ្យុ១០២.៣នៅខេត្តសៀមរាប ដែលមានរលកសញ្ញារំខាន។
សំឡេង៖ «ជាគោលការណ៍បើសិនយើងឃើញភ្លាមថាមានវិទ្យុណាមានប៉ះហើយ គឺយើងបញ្ជាបិទភ្លាម ហើយយើងចុះទៅពិនិត្យថាខុសមកពីអី។ ហើយឥឡូវនេះភាគច្រើន យើងមានដាក់ឧបករណ៍មួយកុំឲ្យវាលោត ប៉ុន្តែសំខាន់គឺគាត់ត្រូវជួសជុល បើគាត់នៅតែឮទៀតគឺយើងបិទរហូត។ សំខាន់គឺការកែឧបករណ៍របស់គាត់មួយចំនួនដែលយើងត្រូវទាមទារបិទមួយរយៈ គាត់ជួសជុល ឬគាត់ប្ដូរឧបករណ៍ដែលបង្កជាការឆ្លងរលកនេះ។ ហើយជួនកាលទៀតដូចអ្នកខ្លះ គាត់មានបង្គោលមួយ ដើម្បីគាត់សន្សំសំចៃលុយ អញ្ចឹងគាត់ជួលដាក់ឲ្យម៉ាស៊ីនផ្សាយ ៣ទៅ៤ នៅជិតគ្នា ឬក៏ដាក់បង្គោលជិតគ្នា ជួនកាលវាឆ្លងលោតចូលក្នុងរលកបញ្ជាចូលក្នុងយន្តហោះ បើគាត់មិនស្ដាប់ទេគឺយើងបិទ»។
សូមបញ្ជាក់ថា ពិធីចុះហត្ថលេខា ស្ដីពី «វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាស នៅក្នុងដែនអាកាសនៃព្រះរាជាណាចក្រកម្ពុជា» នេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ៕