កម្ពុជាកាត់បន្ថយបញ្ជូននគរបាលទៅសិក្សានៅបរទេស តែបង្កើនការបណ្តុះបណ្តាលក្នុងប្រទេសវិញ

វិទ្យុជាតិកម្ពុជា៖លោកជួន បូណា ២៧ ០៧ ០២០


MC៖ រាជរដ្ឋាភិបាលកម្ពុជា នឹងកាត់បន្ថយការបញ្ជូននគរបាលទៅសិក្សានៅក្រៅប្រទេសដោយមកបង្កើនការបណ្តុះបណ្តាលនៅក្នុងប្រទេសវិញ ដើម្បីកាត់បន្ថយចំណាយ និង ទប់ស្កាត់កូវីដ-១៩។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងក្រសួងមហាផ្ទៃបានសម្រេចដាក់ចេញជាយុទ្ធសាស្រ្ដ ក្នុងការបណ្ដុះបណ្ដាលមន្រ្ដីនគរបាលរបស់ខ្លួននៅក្នុងប្រទេសវិញ ដើម្បីឈានទៅកាត់បន្ថយការបញ្ជូនមន្រ្ដីនគរបាលជាតិទៅបណ្ដុះបណ្ដាលនៅក្រៅប្រទេសជាបណ្ដើរៗ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ (២០១៥-២០១៩)និងលើកទិសដៅការងារសម្រាប់រយៈពេល៥ឆ្នាំបន្ត របស់បណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ សម្ដេចក្រឡាហោមបានបញ្ជាក់ថា ការការបណ្ដុះបណ្ដាលមន្រ្ដីនគរបាលនៅក្នុងប្រទេសនេះ គឺជាកត្ដាចាំបាច់បំផុត ដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន ដើម្បីបង្ហាញភាពជាម្ចាស់ការក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកនគរបាល ។
សំឡេង«ការសម្រេចចិត្ដជាយុទ្ធសាស្រ្ដមួយថា យើងត្រួវតែម្ចាស់ការ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកនគរបាល ដោយខ្លួនឯងនោះ គឺជាសម្រេចដែលត្រឹមត្រូវដែលខ្ញុំចង់បានជាយូរកហើយ តែមកដល់ពេលនេះយើងអាចចាប់ផ្ដើមចេញដំណើរបាន ដើម្បីឈានទៅកាត់បន្ថយបណ្ដើរៗ ដែលអាចកាត់បន្ថយភាគរយក្នុងការបញ្ជូនប្រមាណ៣០ ,៥០,៧០ភាគរយ និងឈានទៅជាបន្ដបន្ទាប់»។
សម្ដេចក្រឡាហោមបានណែនាំឱ្យបណ្ឌិត្យសភានគរបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវមានកិច្ចសហប្រតិបត្ដិកាជាមួយគ្នា ដើម្បីចាត់បញ្ជូនគ្រូមកបង្ហាត់បង្រៀន ផ្លាស់ប្ដូរបទពិសោធន៍ និងសិក្សាស្រាវជ្រាវផ្នែកនគរបាលឱ្យបានស៊ីជម្រៅ សម្រាប់ធានាគុណភាពក្នុងការបណ្ដុះបណ្ដាលនគរបាលកម្ពុជា។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងមហាផ្ទៃបានបណ្តុះបណ្តាលមន្រ្តីនគរបាលលើជំនាញជាច្រើន ដូចជា ចរាចរណ៍ ការពារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ បទល្មើសបច្ចេកវិទ្យា សម្អាតប្រាក់ និងចារកម្មជាដើម៕