រដ្ឋបាលស្រុកបន្ទាយស្រីបានត្រៀមលក្ខណៈរួចរាល់ដើម្បីស្វាគមន៍អ្នកទេសចរណ៍មកកម្សាន្តនាថ្ងៃឈប់សម្រាកខាងមុខ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០


MC. តំបន់ទេសចរណ៍សំខាន់ៗជាច្រើននៅក្នុងស្រុកបន្ទាយស្រី នៃខេត្តសៀមរាប មានទាំងប្រាសាទបុរាណ និងទីតាំងកម្សាន្តសប្បាយបែបធម្មជាតិជាច្រើនទៀត បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្ត នាថ្ងៃឈប់សម្រាកខាងមុខ។
អ្នកយកព័ត៌មានយើងពីខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍៖
អភិបាលស្រុកបន្ទាយស្រីបានថ្លែងឲ្យដឹងថា នៅក្នុងស្រុកបន្ទាយស្រី មានទាំងរមណីដ្ឋានទេសចរណ៍វប្បធម៌ និងរមណីដ្ឋានទេសចរណ៍បែបធម្មជាតិ ជាច្រើនដូចជា៖ឧទ្យានជាតិភ្នំគូលេន ប្រាសាទបន្ទាយស្រី រមណីដ្ឋានបឹងឈូក ផ្ទះស្នាក់បៃតង និងទីកន្លែងកម្សាន្តជាច្រើនទៀត ដែលអាចឲ្យភ្ញៀវទេសចរណ៍មកទស្សនាកម្សាន្តនិងស្នាក់នៅដោយក្តីសប្បាយរីករាយ ជាមួយនិងតម្លៃសមរម្យ។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍តាមរយៈទូរស័ព្ទ ជាមួយអ្នកយកព័ត៍មានវិទ្យុជាតិកម្ពុជា លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានបញ្ជាក់ទៀតថា ដើម្បីត្រៀមទទួលអ្នកទេសចរណ៍ មកទស្សនាកម្សាន្តនៅក្នុងស្រុកបន្ទាយស្រី នាថ្ងៃឈប់សម្រាកក្នុងខែសីហាខាងមុខនេះ រដ្ឋបាលស្រុក បានគ្រោងឲ្យប្រជាពលរដ្ឋនិងបណ្តាញសហគមន៍ទេសចរណ៍ត្រៀមបើកឲ្យដំណើរការឡើងវិញ នូវរមណីដ្ឋានមួយចំនួនដែលបានបិទដូចជា៖សួនសត្វនៅជើងភ្នំគូលេន សារៈមន្ទីរមីន និងសួនមេអំបៅជាដើម។ បន្ថែមពីនេះគឺឲ្យម្ចាស់សេវាករទេសចរទំាងអស់រក្សាតម្លៃឲ្យបានសមរម្យនិងត្រូវបង្កើនការធ្វើអនាម័យគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារកុំអោយឆ្លងជំងឺកូវីដ១៩ ពិសេសការផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។
សំឡេង៖សក្តានុពលទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រីយើងមានពីរបីច្រក ធំៗ ទី១ទេសចរណ៍បែបវប្បធម៌ គឺជាអ្វីដែលមានស្រាប់ហើយ ដូចជាប្រាសាទបន្ទាយស្រី ភ្នំគូលេន ជាកន្លែងដែលគេតែងតែឲ្យតម្លៃ ប៉ុន្តែយើងគិតថានៅកន្លែងមួយចំនួនទៀតដែលមនុស្សមិនទាន់បានស្គាល់ ប៉ុន្តែរដ្ឋបាលស្រុកកំពុងព្យាយាមផ្សព្វផ្សាយដូចគ្នាដែរ គឺផ្តោតសំខាន់លើទេសចរណ៍ធម្មជាតិច្រើនជាង យើងមានរមណីដ្ឋានធម្មជាតិបឹងឈូក រមណីដ្ឋានផ្ទះស្នាក់បៃតង និងកន្លែងផ្សេងទៀត ដែលកន្លែងទាំងនោះសុទ្ធតែ ផ្តល់ឱកាសមកកម្សានសប្បាយបែបធម្មជាតិ បន្ថែមពីនោះនៅពេលខាងមុខនេះ រដ្ឋបាលខេត្តគ្រោងនិងរៀបចំ កម្មវិធីជិះកង់នៅអង្គរវត្ត សម្រាប់ពេលសម្រាក ចឹងនិងមានក្រុមជិះកងមកកាន់ភូមិព្រះដាក ជាភូមិដែលរដ្ឋបាលស្រុកបន្ទាយស្រី ប្រែក្លាយឲ្យទៅជាភូមិគំរូ រដ្ឋបាលស្រុកបានប្រជុំ ជាមួយអ្នកភូមិ ឲ្យគាត់ត្រៀមខ្លួនទទួលអ្នកទេសចរ តាមរយៈការបង្កើតជាកន្លែងលក់ដូរ នំចំណីតាមរបៀបអ្នកភូមិ តែរៀបចំឲ្យមានសោភ័ណភាពល្អ បរិមាណគ្រប់គ្រាន់តម្លៃសមរម្យ ហើយថ្មីៗនេះរដ្ឋបាលស្រុកបានប្រជុំជាមួយបណ្តាញសហគមន៍ទេសចរណ៍ក្នុងស្រុក ដើម្បីឲ្យគាត់ពិចារណាបើកឡើងវិញ ព្រោះកន្លែងខ្លះបានបិទ ដូចជាសួនសត្វនៅជើងភ្នំគូលេន សួនមេអំបៅ សារៈមន្ទីរមីន ដែលអាចទាក់ទាញ ហើយក៏មានកន្លែងស្នាក់នៅផងដែរ។
សូមជម្រាបផងដែរថា ស្រុកបន្ទាយស្រីមានចំងាយប្រមាណ៣០គីឡូម៉ែត្រ ពីក្រុងសៀមរាប ក្រៅពីការទស្សនាប្រាសាទបុរាណ និងរមណីដ្ឋាននានា ភ្ញៀវទេសចរក៏មានឱកាសទទួលបានបទពិសោធន៍ ជាក់ស្តែងពីជីវិតនៅមូលដ្ឋានរបស់អ្នកស្រុកនៅតាមតំបន់ជនបទ តាមរយៈការជិៈរទះគោ និងការទស្សនាកសិដ្ឋាន ដែលសំបូរទៅដោយព្រៃឈើធម្មជាតិជាច្រើន៕