វៀតណាមដើរតួនាទីយ៉ាងធំធេងក្នុងការអភិវឌ្ឍអាស៊ាន ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០​ — លោក Grigory Trofimchuk ប្រធានក្រុមប្រឹក្សាអ្នកជំនាញការនៃមូលនិធិអឺរ៉ាស៊ានសម្រាប់ការស្រាវជ្រាវវិទ្យសាស្រ្តដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ីបាននិយាយថា ប្រទេសវៀតណាមបានដើរតួនាទីយ៉ាងធំធេងនៅក្នុងការអភិវឌ្ឍអាស៊ានក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ។

លោកបានប្រាប់អ្នកឆ្លើយឆ្លងរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) នៅប្រទេសរុស្ស៊ីក្នុងបទសម្ភាសន៍មួយក្នុងឱកាសអបអរសាទរខួប ២៥ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់ប្រទេសវៀតណាម (ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ១៩៩៥ – ២០២០) ថា ប្រទេសវៀតណាមមិនត្រឹមតែបានបង្ហាញខ្លួនជាសមាជិកដែលមានការទទួលខុសត្រូវរបស់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទីភាពជាអ្នកដឹកនាំរបស់ប្លុកនេះផងដែរ។

លោកបាននិយាយថា ប្រទេសវៀតណាមបានចូលរួមចំណែកក្នុងការបង្កើនឋានៈរបស់អាស៊ាននៅ    ទូទាំងពិភពលោក ដោយលោកបាននិយាយបន្ថែមថា អ្នកជំនាញរុស្ស៊ីបានទទួលស្គាល់គំនិតផ្តួចផ្តើមសន្តិភាពដោយប្រទេសវៀតណាមចំពោះបញ្ហាក្នុងតំបន់។

លោកបានរំពឹងថា វៀតណាមនឹងត្រៀមខ្លួនចែករំលែកបទពិសោធន៍ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន​ និងបន្តឆ្ពោះទៅរកដំណោះស្រាយសន្តិភាពនិងស្ថាបនាសម្រាប់បញ្ហានៅអាស៊ី -ប៉ាស៊ីហ្វិក រួមទាំងបញ្ហាសមុទ្រខាងកើតផង។

លោកបានកត់សម្គាល់ថា ប្រទេសវៀតណាមបានធ្វើអ្វីៗជាច្រើនដើម្បីជួយទីក្រុងមូស្គូក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយអាស៊ាន និងលើកកម្ពស់ផលប្រយោជន៍របស់រុស្ស៊ីនៅក្នុងតំបន់នេះ។

លោក Trofimchuk បាននិយាយថា ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ាន (EEU) បានពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយលោកបាននិយាយបន្ថែមថា វាជាការចាំបាច់ក្នុងការពង្រីកតំបន់ពាណិជ្ជកម្មសេរីរវាង EEU និងអាស៊ាន ព្រមទាំងបង្កើតនូវស្ថិរភាពសម្រាប់ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសន្តិសុខផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)