រដ្ឋបាលខេត្តសៀមរាបបង្កើតព្រឹត្តិការណ៍ផ្សារណាត់បន្លែសុវត្ថិភាពរៀងរាល់ចុងសប្តាហ៍នៅមុខព្រះរាជដំណាក់

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០


MC. រដ្ឋបាលខេត្តសៀមរាបកាលពី​ថ្ងៃ​ទី​២៥ខែ​កក្កដា​ បាន​បង្កើតព្រឹត្តិការណ៍ផ្សារណាត់បន្លែសុវត្ថិភាពរៀងរាល់ចុងសប្តាហ៍នៅមុខព្រះរាជដំណាក់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរបានទិញបន្លែផ្លែឈើ សុវត្ថិភាពទៅបរិភោគផង និងជាការបង្កើតឱកាសទីផ្សារដល់អ្នកដាំដុះបានបង្កើនប្រាក់ចំណូលក្នុងសេដ្ឋ កិច្ចគ្រួសារ។អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ផ្សារណាត់បន្លែសុវត្ថិភាព នៅក្នុងក្រុងសៀមរាបកំពុងតែមានការចាប់អារម្មណ៍និងគាំទ្រយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត ព្រោះថាបន្លែផ្លែឈើទាំងនោះជារបស់ធម្មជាតិពិតៗ ដែលបងប្អូនប្រជាសហគមន៍ ជាច្រើនបានដាក់តាំងលក់នៅខាងមុខឈៀងខាងកើតសួនច្បារមហាសណ្ឋាគារក្នុងក្រុងសៀមរាប ជារៀងរាល់ថ្ងៃចុងសប្តាហ៍។
លោកនាក់ ណេរ៉ុនអភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថា ការរៀបចំឲ្យមានផ្សារបន្លែនាថ្ងៃចុងសប្តាហ៍នេះ ក្នុងគោលបំណងដើម្បីធានាឲ្យមានទីផ្សារតម្លៃកសិផលសម្រាប់កសិករ ក្នុងរយៈពេលវែង ជំរុញឲ្យមានការចាប់អារម្មណ៍លើផលិតផលក្នុងស្រុក ជាងការនាំចូលបន្លែពីខាងក្រៅ និងជំរុញឲ្យកសិករងាកមកចាប់អារម្មណ៍ទៅលើការដាំបន្លែសុវត្ថិភាពជាដើម។
សំឡេង៖គម្រោងក្នុងការរៀបចំទីផ្សារបន្លែចុងសប្តាហ៍នេះទីមួយគឺយើងរកទីផ្សារជូនកសិករយើង ដើម្បីឲ្យគេស្គាល់សមត្ថភាពកសិករយើង ទីពីយើងជម្រុញផលិតផលបន្លែសុវត្ថិភាព ដើម្បីឲ្យកសិករយើងមានការចាប់អារម្មណ៍ទៅលើការដាំបន្លែសុវត្ថិភាព ហើយបងប្អូនអ្នកទទួលទាន គាត់យល់ដឹងពីតម្លៃនៃបន្លែសុវត្ថិភាព ទីបីយើងចង់ឲ្យការផលិតកម្មទីផ្សារបន្លែយើងហ្នឹងឈានចូលក្នុងទីផ្សារ ជំនួយឲ្យការនាំចូលពីខាងក្រៅ។
អ្នកស្រីទឿម ហឿយ តំណាងឲ្យកសិករ អ្នកដាំបន្លែលក់ នៅក្នុងសមាគមន៍អ្នកដាំបន្លែសុវត្ថិភាពសៀមរាប បានឲ្យដឹងថា ផ្សារបន្លែសុវត្ថិភាពនេះបើកលក់មួយសប្តាហ៍តែពីថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃសៅរ៏ និងថ្ងៃអាទិត្យជារៀងរាល់សប្តាហ៍។អ្នកស្រីបន្តទៀតថា ចំពោះបន្លែធម្មជាតិនេះមានដូចជា៖ប្រភេទស្ពៃ ត្រប់ ត្រកួន សាឡាត់ ផ្កាខាត់ណា ល្ហុង ជីគ្រប់ប្រភេទនិងបន្លៃផ្លែឈើជាច្រើនមុខទៀត។បន្ថែមពីនេះ ប្រភេទបន្លែទាំងនេះ ប្រជាកសិករបានដាំដុះវាដោយគ្រាន់តែប្រើជីធ្វើពីធម្មជាតិ ដែលគេហៅថា ជីកំប៉ុសធ្វើពីរុក្ខជាតិតូចៗ និងអាចម៏គោ អាចម៏មាន់ជាដើម ដោយមិនបានប្រើប្រាស់សារធាតុគីមីឡើយ។
សំឡេង៖កសិករអ្នកដាំយើងអ្នករកទីផ្សារឲ្យគាត់ បន្លែនេះអត់ប្រើជីគីមីយើងប្រើតែជីកំប៉ុស ហើយថ្នាំដែលប៉ាញ់វិញយើងផលិតឡើងពីធម្មជាតិហើយការប្រើថ្នាំបាញ់នេះយើងបាញ់មួយសប្តាហ៍បានយើងបេះយកមកលក់ ហើយលក់នេះមានស្ពៃតឿ សាឡាត់ខ្មែរ សាឡាត់អឺរ៉ុប ខាន់ណា ក្រសាំងទៀប ជី ម្អម ដំឡូង ត្រឡាច ត្រាប់វែងត្រគួនជាដើម ហើយតម្លៃលក់វិញទៅតាមការថ្ងៃដែរ ដូចជាពេលណាយកមកពីសមាគមន៍មកថ្លៃយើងថ្លៃដែរ ទៅតាមសៀវភៅកំណត់មក សូមសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋយើងជួយគាំទ្រផលិតផលខ្មែរ បន្លែក្នុងស្រុកយើងមិនការលក់នេះមិនបន្លែមយកមកពីស្រុកគេទេ។
ចំណែកអ្នកសុខា អាយុ២៩ឆ្នាំ រស់នៅក្នុងក្រុងសៀមរាប ជាអ្នកមករកទិញបន្លែសុវត្ថិភាពទុកទទួលទានបានឲ្យដឹងថា អ្នកស្រីនិងប្រជាពលរដ្ឋដទៃទៀត តែងតែមកជួយទិញបន្លែសុវត្ថិភាពនេះ ជារៀងរាល់ចុងសប្តាហ៍ ព្រោះថាអ្នកស្រីមានការជឿជាក់លើបន្លែដែលប្រជាពលរដ្ឋដាំក្នុងស្រុក ជាជាងបន្លែនាំចូល។ សំឡេង៖ខ្ញុំមកទិញរាល់សប្តាហ៍ព្រោះនេះជាបន្លែក្នុងស្រុកហើយតម្លៃអាចទទួលយកបាន ហើយមិនចង់ឲ្យនាំបន្លែមកពីគេ ឲ្យចេះជួយគ្នាអញ្ចឹង ដើម្បីបង្កើនសេដ្ឋកិច្ចទីផ្សារក្នុងស្រុកយើង។
សូមបញ្ជាក់ផងដែរថា សហគមន៍បន្លែសុវត្ថិភាពនេះមកពីស្រុកក្រុងចំនួន៦ មានដូចជាស្រុកស្វាយលើ ស្រុកបន្ទាយស្រី ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ក្រុងសៀមរាប និងស្រុកពួក ដែលមានបន្លែផ្លែឈើធម្មជាតិជាច្រើនមុខ សម្រាប់លក់ជូនប្រជាពលរដ្ឋទទួលទាន៕