លោកជំទាវ ម៉ែន សំអន៖ រាជរដ្ឋាភិបាលគិតគូរពីអាហារូបត្ថម្ភរបស់ពលរដ្ឋ ក្នុងអំឡុងពេលជួបជំងឺរាតត្បាតសកល

វិទ្យុជាតិកម្ពុជា, វ៉ាង ភក្តី ២៧ ០៧ ២០២០


MC: លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាសន៍ថា រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការទទួលអាហារូបត្ថម្ភគ្រប់គ្រាន់របស់ប្រជាពលរដ្ឋក្នុងអំឡុងពេលវិបត្តិកូវីដ១៩។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយនារីនៃសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងមាតា និងនាំយកអំណោយជូនដល់ប្រជាជនដែលជាជនជាតិភាគតិចសួយជិត៤០០នាក់ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ លោកជំទាវកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែគិតគូរខ្ពស់ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បើទោះបីជាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ លោកជំទាវ បានបន្តថា «រាជរដ្ឋាភិបាល បាននិងកំពង់បន្តជំរុញការអនុវត្តក្របខណ្ឌគោលនយោបាយ ជាតិគាំពារសង្គម តាមរយៈការពង្រឹង និងអភិវឌ្ឍន៍ជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គមឱ្យកាន់តែមានវិសាលភាព ប្រសិទ្ធភាព ធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ សំដៅធានាការលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន»។
របាយការណ៍ថ្មីមួយសិក្សាដោយអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា បានបង្ហាញថា ប្រជាជនកម្ពុជា៤៣ភាគរយ បានកាត់បន្ថយរបបអាហារហូបចុកប្រចាំថ្ងៃ ខណៈ៧២ភាគរយ ត្រូវបានរាយការណ៍ថា បានបាត់បង់ ឬថយចុះនូវប្រាក់ចំណូលកំឡុងពេលជួបវិបត្តិកូវីដ-១៩។ គ្រួសារនៃប្រជាពលរដ្ឋកម្ពុជាមួយចំនួន មិនមានលទ្ធភាពទិញស្បៀងអាហារគ្រប់គ្រាន់សម្រាប់បរិភោគ ដោយពួកគេមានត្រឹមតែការចំណាយសម្រាប់តែទិញអង្ករប៉ុណ្ណោះ។
ឆ្លើយតបទៅនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺកូវីដ-១៩ ដោយក្នុងនោះគ្រួសារពលរដ្ឋស្ថិតក្នុងបណ្ណក្រ១ ទទួលបានប្រាក់ចំនួន១២ម៉ឺនរៀល បូកបន្ថែម៤ម៉ឺនរៀល សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ម៉ឺនរៀលម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារដែលជាកុមារអាយុក្រោម៥ឆ្នាំ ជនមានពិការភាព ជនចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍៕