ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ៖ ជាគ្រូបង្វឹកគឺត្រូវមានទេពកោសល្យក្នុងការបង្ហាត់មិនមែនចេះតែបង្ហាត់ទាត់ធាក់វ៉ៃកែងឬជង្គង់នោះទេ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានមានប្រសាសន៍ថា ជាគ្រូបង្វឹកគឺត្រូវមានទេពកោសល្យក្នុងការបង្ហាត់ មិនមែនចេះតែបង្ហាត់ទាត់ធាក់វ៉ៃកែងឬជង្គង់នោះទេ។ហើយលោកថែមទាំងជំរុញឲ្យគ្រូបង្វឹកទាំងអស់ត្រូវចេះសង្កេតមើលសុខភាពសិស្ស មិនមែនចេះតែបង្ហាត់ទាត់ធាក់វ៉ៃកែងឬជង្គង់នោះទេ គឺត្រូវចេះពិនិត្យមើលសិស្សឲ្យបានគ្រប់ជ្រុងជ្រោយ អំពីបញ្ហាថែរក្សាសុខភាពអនាម័យការពារកូវីត១៩និងបញ្ហាគោរពវិន័យបទបញ្ជាផ្ទៃក្នុងអោយបានត្រឹមត្រូវ ។ លោកឧត្តមសេនីយ៍ តែម ម៉ឺន បានមានប្រសាសន៍បែបនេះ ខណះសហព័ន្ធកីឡាប្រដាល់គុនខ្មែរបើកវគ្គបណ្តុះបណ្តាលសមត្ថភាពបច្ចេកទេសគ្រូបង្វឹកកម្រិតបឋម ដល់គ្រូៗគ្រប់បណ្តាសមាគម-ក្លិប ដើម្បីពង្រីកការយល់ដឹងខ្ពស់ លើការងារហ្វឹកហាត់បច្ចេកទេសក្បាច់គុនខ្មែរ ឲ្យបានសមស្របតាមស្តង់ដារ ដើម្បីឈានឆ្ពោះទៅកីឡា Sea Game ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី២៧កក្កដា២០២០ នៅសាលប្រជុំក្នុងពហុកីឡដ្ឋានជាតិ ។
ជាមួយនឹងការក្រើនរម្លឹកដល់គ្រូបង្វឹក លោកប្រធានសហព័ន្ធក៏បានព្រមានចំពោះសិក្ខាកាមដែលជាគ្រូបង្វឹកទាំងអស់ ត្រូវខិតខំសិក្សា ត្រូវខំឲ្យចេះធ្វើកម្មវិធីបង្រៀន បង្វឹកហាត់ ឲ្យយល់ដឹងនិងចេះស្ទាត់ តែបើប្រលងធ្លាក់គឺមិនបានវិញ្ញាបនបត្រឲ្យឡើយ ។ហើយគណកម្មការវគ្គត្រូវការយកចិត្តទុកដាក់បញ្ហាការចេញវិញ្ញាបនប័ត្រនេះ បើធ្លាក់មិនចេញឲ្យទេ ព្រោះវាជាប្រការសំខាន់សម្រាប់គ្រូម្នាក់ៗ វាមិនមែនសម្រាប់តែស៊ីហ្គេម២០២១និង២០២៣ទេ ក៏អាចក្លាយជាគ្រូបង្វឹកជម្រើសជាតិទៅអនាគតផងដែរ ។
លោក តែម ម៉ឺនបានមានប្រសាសន៍ថា សិក្ខាកាមមិនគោរពវិន័យតាមកម្មវិធីសិក្សា និងពុំទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សានេះឡើយ ដោយមានជូនភ្ជាប់នូវបទបញ្ជាផ្ទៃក្នុងដល់គ្រប់សិក្ខាកាមទាំងអស់ ដើម្បីបានពិនិត្យនិងអនុវត្ត។ វិញ្ញាបនបត្រនេះមានតម្លៃសម្រាប់គ្រូបង្វឹកទាំងអស់បានចូលរួមវគ្គបណ្តុះបណ្តាលតាមកាលបរិច្ឆេទ នៃការរៀបចំរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានត្រឹមត្រូវ និងខិតខំយកចិត្តទុកដាក់ក្នុងការសិក្សានេះ ទទួលបានលទ្ធផលល្អប្រសើរ ។
បើតាមលោក និន ភារម្យ អគ្គលេខាធិការសហព័ន្ធប្រដាល់គុនខ្មែរ និងជាគណៈកម្មការវគ្គ បានប្រាប់ដឹងថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរបើកវគ្គបណ្តុះបណ្តាល បច្ចេកទេសគ្រូបង្វឹកកម្រិតបឋមដល់គ្រប់បណ្តាសមាគម និងអាចទទួលយកបានមកចូលរួមវគ្គសិក្សានាពេលនេះ ក្រោមការគាំទ្រឧបត្ថម្ភថវិកាដោយក្រសួងអប់រំ យុវជននិងកីឡា ។
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើការជ្រើសរើសគ្រូបង្វឹក ដែលសុទ្ធសឹងអ្នកដែលមាន សមត្ថភាពកម្រិតវប្បធម៌ ថ្នាក់កម្រិតមធ្យមមកទទួលយកចំណេះដឹងផ្នែកបច្ចេកទេសនៃការបង្វឹកដល់រួមមាន ការងារអប់រំចិត្តសាស្ត្រ និងក្រមសីលធម៌ ការងារប្រយុទ្ធប្រឆាំង និងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡាប្រដាល់ ការងារកិច្ចតែងការ សម្រាប់គ្រូបង្វឹក វិធីសាស្ត្របង្ហាត់កម្លាំងកាយ ភាពអំណត់ ភាពទន់ភ្លន់ និងបង្រៀនការធ្វើផែនការហ្វឹកហាត់ ការងារថ្វាយបង្គំគ្រូ ក្បាច់ប្រយុទ្ធ និងក្បាច់ការពារ ។
សូមបញ្ជាក់ថា សិក្ខាកាមដែលបានចូលរួមក្នុងវគ្គសិក្សានេះ មានចំនួន ២៦នាក់ ដែលទទួលការបង្ហាត់បង្រៀន ដោយគ្រូឧទ្ទេសមកពីអគ្គនាយកដ្ឋានកីឡា ដូចជាលោក ម៉ិល កាដូ លោក អ៊ុក ឌីរ៉ង់ ជាអគ្គនាយករងកីឡា ,លោក ធម្ម អង្គារ៉ា លោក ទុយ ប៊ុនឈឿន លោក រាជ សូផែន លោក មាស សុខគ្រី លោក អ៊ុន ខេមរិន្ទ និងលោក ឈិត សារឹម ដែលសុទ្ធសឹងជាអ្នកមានបទពិសោធខ្ពស់ក្នុងវិស័យប្រដាល់គុនខ្មែរនេះ ៕