ខេត្តកំពង់ស្ពឺត្រៀមលក្ខណៈរួចរាល់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរមកលេងកំសាន្តក្នុងថ្ងៃឈប់សំរាកនាពេលឆាប់ៗខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖ ស្រីផល 25,06,2020


MC៖ ខេត្តកំពង់ស្ពឺត្រៀមលក្ខណៈរួចរាល់ចាំទទួលស្វាគមន៍ភ្ញៀវទេសចរមកលេងកំសាន្តក្នុងថ្ងៃឈប់សំរាកនាពេលឆាប់ៗខាងមុខនេះ ដើម្បីផ្តល់ភាពកក់ក្តៅនិងសប្បាយរីករាយបន្ទាប់ពីទទួលបានថ្ងៃឈប់សំរាកពីរាជរដ្ឋាភិបាល ជំនួសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ខែសីហាឆ្នាំ២០២០។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម……………………….
លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា រដ្ឋបាលខេត្តនិងមន្ទីរពាក់ព័ន្ធបានចុះអប់រំផ្សព្វផ្សាយដល់សេវាករទេសចរ ពីការរៀបចំអនាម័យនិង វិធានការការពារជម្ងឺកូវីត១៩ នៅតាមរម្មណីយដ្ឋានទេសចរនានាទូទំាងខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្ត ប្រកបដោយទំនុកចិត្ត។ លោកបានបន្តថា ចំពោះកន្លែងកម្សាន្ត ដែលបានរៀបចំសំរាប់ទទួលភ្ញៀវទេចរជាតិ ក៍ដូចជាអន្តរជាតិ ឲ្យមកលេងកម្សាន្តមានដូចជា៖ សហគមន៍ទេសចរទឹកធ្លាក់ជ្រាវ ភ្នំឱរ៉ាល់ តេទឹកពុះ តំបន់ខ្នងភ្នំផ្សារ និងខ្នងភ្នំគិរីរម្យជាដើម។
សម្លេង៖ ពេលហ្នឹងមន្ទីរបានសហការជាមួយ ស្នងការនគរបាលខេត្ត ជាមួយប៉ូលីសទេសចរ គឺថាចែកតាមក្រុម ដើម្បីមើលបញ្ហាសុខសុវត្ថិភាពអ្នកទេសចរទាំងអស់នៅតាមដងផ្លូវ ក៍ដូចជានៅក្នុងរម្មណីយដ្ឋាននៅក្នុងខេត្ត យើងមានសន្តិសុខរបស់យើងគ្រប់គ្រាន់ ។សន្តិសុខហ្នឹងយើងប្រើតាំងពី សន្តិសុខរបស់ខេត្ត ស្រុក និងឃុំ ហើយនៅប៉ុស្តក៍យើងមានប៉ូលីសដែរ យើងសហការគ្នាជួយគ្នាទាំងអស់ ដើម្បីឲ្យថ្ងៃសំរាកប៉ុន្មានថ្ងៃនេះមានសុវត្ថិភាព ដល់អ្នកទេសចរយើងទាំងអស់គ្នា។
លោកប្រធានមន្ទីរ សង្ឃឹម ជឿជាក់ថា នៅថ្ងៃឈប់សម្រាកខាងមុខនេះនិងមានភ្ញៀវទេសចរមកលេងកម្សាន្តច្រើន ខណៈដែលខេត្តកំពង់ស្ពឺមានតំបន់ទេសចរណ៍ច្រើន មានទេសភាពព្រៃព្រឹក្សា
ស្រស់ស្អាត មានកន្លែងលេងទឹក ដែលធ្វើឲ្យពួកគាត់មានអារម្មណ៍ស្រស់ស្រាយ និងសប្បាយរីករាយ ក្រោយពីការនឿយហត់ពីការងារ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ភ្ញៀវទេសចរបានសម្រុកមកលេងកំសាន្តនៅក្នុងខេត្តកំពង់ស្ពឺ មានការកើនឡើងគួរឲ្យកត់សម្គាល់ ៕