រមណីយដ្ឋានភ្នំអណ្តូងស្នេហ៍ក្នុងខេត្តមណ្ឌលគីរី កំពុងក្លាយជាទីតាំងដ៏ទាក់ទាញ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២៥.០៧.២០២០


Mc ៖ រមណីយដ្ឋានភ្នំអណ្តូងស្នេហ៍ក្នុងខេត្តមណ្ឌលគីរី កំពុងក្លាយជាទីតាំងដ៏ទាក់ទាញ ព្រោះរំលេចទៅដោយទេសភាពវាលស្មៅធម្មជាតិបៃតងប្រៀបដូចកម្រាលព្រំ ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍………………………………..
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ភ្នំអណ្តូងស្នេហ៍ ជាគោលដៅទេសចរណ៍ថ្មីមួយដ៏ទាក់ទាញ ក្នុងចំណោមរមណីយដ្ឋានធម្មជាតិទាំងអស់ក្នុងខេត្តមណ្ឌលគីរី ដែលមានទៅដោយទេសភាពបែបធម្មជាតិ បរិយាកាសស្ងប់ស្ងាត់ ពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធ ជាពិសេសអាកាសធាតុមានលក្ខណៈត្រជាក់ជាងបណ្តាខេត្តដទៃទៀត ដែលធ្វើឲ្យភ្ញៀវទេសចរទៅលេងកម្សាន្តខេត្តមណ្ឌលគីរីមិនអាចរំលង បានទោះជានៅក្នុងរដូវកាលណាក៏ដោយ ។
សំឡេង ៖ < វាជាការទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកម្សាន្តនៅទីនេះ គួបផ្សំ ខេត្តនេះវាមានលក្ខណៈអាកាសធាតុវារាងត្រជាក់ហើយទេសភាពវាមានវាលមានស្មៅវាមានព្រៃចឹងទៅតំបន់ខ្ពង់រាបអីចឹងទៅវាក៏ជាទេសភាពមួយប្លែកពីបណ្តាខេត្តក្រុងផ្សេងៗទៀត ដែលធ្វើឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តលេងនៅទីនេះ > ។
លោក បញ្ញាវុធ ភ្ញៀវទេសចរដែលបានទៅលេងកម្សាន្តនៅរមណីយដ្ឋានភ្នំអណ្តូងស្នេហ៍ បានឲ្យដឹងថា ភ្នំអណ្តូងស្នេហ៍ពោរពេញទៅដោយទេសភាពដ៏ល្អឯក ហើយមិនត្រឹមតែមានទៅដោយទេសភាពស្រស់ត្រកាលប៉ុណ្ណោះទេ ប៉ុន្តែពេលទៅដល់កំពូលភ្នំនេះ គឺមិនអាចរំលងក្រសែភ្នែកចេញពីផ្លូវមួយខ្សែដែលនៅជាប់នឹងជើងភ្នំមានរាងជាអក្សអេស S។ វិថីមួយខ្សែនេះបានជួយបន្ថែមនូវទស្សនីយភាពកាន់តែស្រស់ត្រកាលទ្វេដង ដែលអ្នកទេសចរបាននំាគ្នាថតរូបអនុស្សាវរីយ៍យ៉ាងព្រោងព្រាត។
សំឡេង ៖ < នៅពេលដែលយើងបានឡើងទៅដល់លើ គឺយើងអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតមានវាលស្មៅដើមឈើដែលពោរពេញទៅដោយពណ៌បៃតងដ៏ស្រស់ជាពិសេសយើងអាចមើលឃើញរាងផ្លូវជាអក្សរអេសដ៏ស្រស់ស្អាត ដែលយើងអាចថតរូប គឺថាទេសភាពនៅទីនោះមានភាពទាក់ទាញខ្លាំងមែនទែន ដែលយើងចង់ទៅម្ដងហើយម្ដងទៀត ព្រោះទីនោះមានទេសភាពស្អាតខ្លាំង ដោយពោរពេញទៅដោយបែបធម្មជាតិសុទ្ធសាធ> ។
សូមបញ្ជាក់ថា រមណីយដ្ឋានភ្នំអណ្តូងស្នេហ៍មានទីតាំងស្ថិតនៅក្នុងភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគីរី ដែលមានចំងាយប្រមាណ២៥គីឡូម៉ែតពីក្រុងសែនមនោរម្យ និងមានចំងាយប្រមាណ៥គីឡូម៉ែតពីច្រកដាក់ដាំព្រំដែនកម្ពុជា-វៀតណាម ។សំរាប់ខេត្តមណ្ឌលគីរី មានតំបន់ទេសចរណ៏ដែលមានសក្កានុពលខ្ពស់ជាង២៣កន្លែង ក្នុងនោះមានដូចជាទឹកធ្លាក់ដំណាក់ស្តេច,តំបន់រម្មណីយដ្ឋានអូរមីស, តំបន់ទឹកធ្លាក់ប៊ូស្រា, ទឹកធ្លាក់ជ្រៃធំ, រម្មណីយដ្ឋានទស្សនាសត្វព្រៃកែវសីម៉ា, ទឹកធ្លាក់កោះញែក, តំបន់ឡើងភ្នំថ្មណា, អណ្តូងស្នេហ៍, តំបន់ទស្សនាភ្នំដោះក្រមុំ, ទស្សនាសមុទ្រឈើ, ទស្សនាភូមិវប្បធម៏ជនជាតិដើមភាគតិច, តំបន់អភិរក្សសត្វដំរីពេជ្រដា, ទស្សនាសួនផ្កាចម្រុះសែនមនោរម្យ, ទឹកធ្លាក់សែនមនោរម្យ, រម្មណីយដ្ឋានចំការកាហ្វេ, តំបន់អភិរក្សព្រៃឈើកែវសីម៉ា, ទឹកធ្លាក់អូតាំងឡាំង, តំបន់ទឹកធ្លាក់ឡាំងឃិន ឡាំងអន, និងតំបន់ទស្សនាមួយចំនួនទៀត ៕