ក្រសួងការពារជាតិប្តេជ្ញាពង្រឹងសមត្ថភាពយោធិនដើម្បីការពារខឿនការពារជាតិ

វិទ្យុជាតិកម្ពុជា ៖លោក ស៊ុន សំនៀង ២៤ ០៧ ០២០


MC៖ក្រសួងការពារជាតិប្តេជ្ញាពង្រឹងសមត្ថភាពយោធិនលើបច្ចេកទេសវិជ្ជាជីវៈថ្មីៗដើម្បីការពារខឿនការពារជាតិនិងក្លាយជាអ្នកបន្តវេនហើយមានសមត្ថភាពគ្រប់គ្រាន់យកទៅបំរើការពារជាតិ និងជូនប្រជាពលរដ្ឋ ។
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសយោធាកម្រិតបរិញ្ញាបត្រជាច្រើនជំនាន់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិមានប្រសាសន៍ថា ក្រសួងការពារជាតិ នៅតែចាត់ទុកថា ការងារបណ្តុះបណ្តាល ហ្វឹកហ្វឺននាយទាហាន ទាំងក្នុង និងក្រៅប្រទេស សំដៅពង្រឹងវិន័យកងទ័ព កាយសម្បទា អប់រំដល់នាយទាហានវ័យក្មេង ឲ្យមានវិជ្ជាជីវៈ សីលធម៌ គុណធម៌ និងឆន្ទៈស្នេហាជាតិខ្ពស់ សម្រាប់បន្តវេននាពេលអនាគត។
សម្តេចពិជ័យសេនា បានបញ្ជាក់ថា ការងារបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ននាយទាហាន យោធាចារ្យសិក្ខាកាមនេះ គឺជាតម្រូវការចាំបាច់របស់ ខ.ភ.ម ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព និងជំនាញបច្ចេកទេសលើគ្រប់វិស័យ ដែលជាកត្តាគន្លឹះសម្រាប់ខឿនការពារជាតិជាតិ ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ និបូរណភាពទឹកដី ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធរណៈ និងសុវត្ថិភាពសង្គម ដើម្បីបង្កលក្ខណៈឲ្យប្រជាជនរស់នៅដោយសុខសាន្ត និងសុវត្ថិភាព ទាំងក្នុងពេលចំពោះមុខ និងសម្រាប់អនាគត។
សម្តេចពិជ័យសេនាបានកោតសរសើរចំពោះ សមិទ្ធផល និងស្នាដៃការងារដែលសម្រេចបានក្នុងរយៈពេលកន្លងមក របស់នាយទាហាន យោធាចារ្យ នៃវិទ្យាស្ថានបច្ចេកទេសយោធាសម្តេចតេជោ ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ពុះពារបំពេញភារកិច្ចរបស់ខ្លួន មានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយការពារជាតិ និងការកែទម្រង់យ៉ាងស៊ីជំរៅរបស់ ខ.ភ.ម ដែលបានដាក់ចេញលើវិស័យហ្វឹកហ្វឺននិងបណ្តុះបណ្តាល។
ឯកឧត្ដមឧត្តមសេនីយ៍ឯក សូ សូច័ន្ទ នាយក វិទ្យាស្ថានបច្ចេកទេសយោធាតេជោ ហ៊ុនសែន បានឲ្យដឹងថា ផ្អែកតាមតម្រូវការចំពោះមុខរបស់ខភម លើវិស័យបច្ចេកទេស ក្នុងកិច្ចការពារជាតិ វិទ្យាស្ថានមាន ភារកិច្ចស្រាវជ្រាវនូវបច្ចេកវិទ្យាយោធាទំនើបៗ និងអនុវត្តន៍ផ្ទាល់នូវការហ្វឹកហ្វឺនបណ្តុះបណ្តាល និងវិក្រឹតការលើមុខជំនាញបច្ចេកទេសយោធាកម្រិតបឋម មធ្យម ឧត្តម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សបច្ចេកទេសទៅតាមតម្រូវការរបស់ ខ.ភ.ម ឆ្លើយតបទៅនឹងកាតព្វកិច្ចការពារជាតិ អធិបតេយ្យបូរណភាពទឹកដី និងសន្តិភាពជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត៕