បង្គារក្រៀមនៅខេត្តកោះកុងកំពុងតែមានទីផ្សារល្អ និងមានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន

វិទ្យុជាតិកម្ពុជា៖ ស្រីផល 24.07.2020


MC៖ បង្គារក្រៀម នៅខេត្តកោះកុងកំពុងតែមានទីផ្សារ និងមានការគាំទ្រពីសំណាក់អតិថិជន ទាំងក្នុងខេត្ត និងក្រៅខេត្ត។
អ្នកយកព័ត៌មានយើងធ្វើសេចក្តី រាយការណ៍បន្ថែម………………..
លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា បង្គារក្រៀម ក្នុងខេត្តកោះកុង កំពុងតែមានការគាំទ្រពីសំណាក់អ្នកបរិភោគ ក៍ដូចជាអាជីវករដែល ទិញទៅលក់បន្ត មិនថានៅក្នុងខេត្តនិងក្រៅខេត្ត នោះទេ។ លោកបានបន្តថា ចំពោះមុខរបរកែច្នៃបង្គារក្រៀមនេះដែរ គឺមានទាំងជាសហគមន៍ និង ជាលក្ខណៈឯកជនផង គឺនៅតំបន់ កោះស្តេច កោះកាពិ ថ្មស ដែលនេះសុទ្ធតែជាកន្លែងកែច្នៃបង្គារក្រៀមនៅក្នុងខេត្ត។ ចំពោះបង្គារក្រៀមនេះ អាជីវករអាចលក់បានក្នុងតម្លៃចាប់ពី ៦០០០០ម៉ឺន ទៅ១៧០០០០ម៉ឺនរៀលក្នុងមួយគីឡូក្រាម ទៅតាមប្រភេទ បង្គារតូចឬធំ។
សម្លេង៖ ការកែច្នៃបង្គារក្រៀមនេះ បើយើងនិយាយទៅវាអត់មានជួបអ្វីជាឧបសគ្គនោះទេ ព្រោះបង្គារយើងទី១គឺអត់មានចាល់នៅក្នុងទីផ្សារទេ មានប៉ុន្មានក៍លក់អស់ដែរ ម៉ូយនៅក្នុងស្រុកយើងនេះ ជាពិសេសយើងដឹកជញ្ជូនយកទៅលក់នៅភ្នំពេញ ដែលគេកម្មង់មក ចឹងយើងអត់ជួបបញ្ហាទីផ្សារទេ។
ជាទូទៅការកែច្នៃបង្គារក្រៀមនេះ បើសិនជាយើងធ្វើទៅមិនល្អ មិនទទួលបានរសជាតិឆ្ងាញ់ និងទទួលស្គាល់ពីអតិថិជនទេ វាអាចប្រឈមបញ្ហា ប៉ុន្តែការដែរយើងធ្វើទៅអតិថិជនយើងទទួលយកបានតម្លៃក៍សមរម្យ ចឹងយើងផលិតអត់ចេះសល់ទេ។
សូមបញ្ជាក់ផងដែរថា ការកែច្នៃបង្គារក្រៀមលក់នេះដែរ គឺជាមុខរបរយូរឆ្នាំមកហើយរបស់អាជីវករនៅក្នុងខេត្តកោះកុង ក្រៅពីការនេសាទសមុទ្រប្រចាំថ្ងៃ ដោយមានឈ្នួញកណ្តាលនៅរាជធានីភ្នំពេញ តាមបណ្តាខេត្ត ឬតាមអនឡាញកម្ម៉ង់ទិញជាហូរហែរ ព្រោះវាជាផលិតផលដ៏មានគុណភាព ធ្វើដោយស្នាដៃម្ចាស់ស្រុកផ្ទាល់ និងគ្មានជាតិគីមីអ្វីឡើយ​ ជាមួយគ្នានេះ
បង្គារក្រៀមអាចយកទៅធ្វើម្ហូបបានច្រើនមុខដូចជា សម្លរទឹក សម្លរគោក និងជាគ្រឿងក្លែមជាដើម ។ អ្វីដែលពិសេសនោះគឺ បង្គាគ្រៀមយើងអាចទុកបានយូរ​៕