រដ្ឋបាលរាជធានីភ្នំពេញគ្រោងនិងសាងសង់ស្ពានអាកាសថ្មើរជើងថ្មី២៧កន្លែងបន្ថែមទៀត

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៤ ០៧ ២០២០


MC៖រដ្ឋបាលរាជធានីភ្នំពេញគ្រោងនិងសាងសង់ស្ពានអាកាសថ្មើរជើងថ្មី២៧កន្លែងបន្ថែមទៀត បន្ទាប់ពីចប់ជំងឺកូវីដ១៩ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងឆ្លងថ្នល់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ៖……
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដោយមើលឃើញពីភាពកកស្ទះចរាចរណ៍និងមានហានិភ័យខ្ពស់ ទើបរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ គ្រោង និងសាងសង់ស្ពានអាកាសថ្មើរជើងចំនួន២៧កន្លែងនេះ ដើម្បីសម្រួលដល់សុវត្ថិភាពធ្វើដំណើរ ឆ្លងកាត់ទ្រូងផ្លូវ និងធានាលំហូរនៃចរាចរណ៍តាមដងផ្លូវ ដោយសារកំណើននៃប្រជាជនច្រើនក្នុងទីក្រុង ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសថ្មើរជើងស្តុបផ្សារដើមគរ នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឯកឧត្តមបានឲ្យដឹងថា ទីតាំងនៃគម្រោងចំនួន ២៧កន្លែង ត្រូវបានជ្រើសរើសរួចហើយ និង រង់ចាំតែការចាប់ផ្តើមបើកការដ្ឋានសាងសង់តែប៉ុណ្ណោះ ក្រោយចប់បញ្ហាជំងឺកូវីដ១៩ ។ ឯកឧត្តមបានបន្តថា រដ្ឋបាលរាជធានីភ្នំពេញនិងបន្តធ្វើស្ពានអាកាសថ្មើរជើងនៅស្តុបសាលាសន្ឋម៉ុកមួយទៀតឲ្យចប់រួចរាល់សិន ព្រោះជាកន្លែងចាំបាច់ត្រូវធ្វើមុនគេ បន្ទាប់មកក្រោយពេលចប់ជំងឺកូវីដ១៩ រដ្ឋបាលរដ្ឋបាលរាជធានីភ្នំពេញនិងសាងសង់ស្ពានថ្មើរជើង៤ទៅ៥កន្លែងក្នុងពេលមួយ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរាជធានីភ្នំពេញ ដែលមានប្រជាជនប្រមាណ ៣ លាននាក់ ដើម្បីសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍។
សំឡេង«នៅក្នុងរាជធានីភ្នំពេញយើងនិងធ្វើស្ពានថ្មើរជើងថ្មី រហូតទៅដល់២៧ស្ពានជាបឋម ហើយ២៧ស្ពាននេះមិនមែនថាធ្វើប៉ុណ្ណឹងហើយឈប់ទេ បើ២៧ស្ពាននេះមានតម្រូវការថែមទៀត យើងនិងធ្វើកិច្ចការងារនេះបន្តទៀត ។ ប៉ុន្តែក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋដែលទន្ទឹងរង់ចាំ សូមមេត្តាអត់ធ្មត់ដោយសារថវិកាយើងមានបញ្ហា ព្រោះឥលូវនេះយើងបានជួបនិងវិបត្តិកូវីដ១៩ អញ្ចឹងថវិកាជាតិ សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចពិភពលោកត្រូវមានការថយចុះ អញ្ចឹងយើងខ្ញុំសុំឲ្យបងប្រជាពលរដ្ឋ មេត្តារង់ចាំតាមការគ្រង់ទុក ក្រោយពីធ្វើស្ពានទួលគោកហើយ យើងនិងធ្វើ៤ ៥ កន្លែងបន្តគ្នាភ្លាម ប៉ុន្តែដោយជួបបញ្ហានេះ ខ្ញុំនិងធ្វើបន្តទៀតនេះខ្ញុំធ្វើត្រឹមសន្ឋម៉ុកសិន សន្ឋម៉ុកចប់ខ្ញុំនិងពង្រីកឲ្យបានបួន ប្រាំកន្លែងក្នុងពេលតែមួយ ដើម្បីបម្រើដល់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសធ្វើការឆ្លងកាត់ មកប្រមុខរបរអាជីវកម្មក្នុងរាជធានីភ្នំពេញ ចំណុចនេះខ្ញុំសូមឲ្យបងប្អូនមានការយោគយល់ទៅដល់រដ្ឋបាលរាជធានីភ្នំពេញរបស់ខ្ញុំផងបាទ » ។
លោក សំា ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា គម្រោងសាងសង់ស្ពានអាកាសថ្មើរជើងក្នុងរាជធានីភ្នំពេញ នឹងតម្រូវសាងសង់ឡើងនៅកន្លែងដែលមានទីប្រជុំជនប្រមូលផ្តុំច្រើន ដូចជា សាលារៀន មន្ទីរពេទ្យ អគារពាណិជ្ជកម្ម ផ្សារ និងទីវត្តអារ៉ាមជា ដើម។
សូមបញ្ជាក់ថា បច្ចុប្បន្នរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង ៥ កន្លែង ក្នុងនោះស្ពានអាកាសថ្មើរជើងចំនួនពីរនៅទល់មុខសាលាជម្ពូវ័ន្តខណ្ឌពោធិ៍សែនជ័យ ស្ពានអាកាសថ្មើរជើងនៅភ្លើងស្តុបនាងគង្ហីង ស្ពានអាកាសថ្មើរជើងនៅមុខផ្សារដើមគរ និងស្ពានអាកាសថ្មើរជើងមួយកន្លែងទៀត នៅស្តុបសាលាបឋមសិក្សាសន្ធរម៉ុក ដែលកំពុងស្ថិតក្នុងការសាងសង់ ៕