ប្រជាពលរដ្ឋសាទរចំពោះសមិទ្ធិផលស្ពានអាកាសថ្មើរជើងផ្សារដើមគរ

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០


MC៖ ប្រជាពលរដ្ឋសាទរចំពោះសមិទ្ធិផលស្ពានអាកាសថ្មើរជើងផ្សារដើមគរ ដែលជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ផ្លូវរបស់ប្រជាពលរដ្ឋមិនប្រឈមគ្រោះថ្នាក់កើតឡើង។
លោកស្រី នៅ ស្រីល័ក្ខ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ប្រាប់អ្នកសារព័ត៌មានរបស់វិទ្យុជាតិកម្ពុជានៅព្រឹកថ្ងៃទី២៤ ខែកក្កដាថា អ្នកស្រី ក៏ដូចជាប្រជាពលរដ្ឋភាគច្រើន បានពេញចិត្ត និង សប្បាយរីករាយ ក្នុងការដាក់ឱ្យដំណើរការស្ពានអាកាសថ្មើរជើងផ្សារដើមគរនេះ ព្រោះអាចធានាសុវត្ថិភាពមិនខ្លាចគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសកាត់បន្ថយការកក់ស្ទះ ផងដែរ។
លោកស្រីបន្ដថា បច្ចុប្បន្ននេះការធ្វើការចរាចរណ៍នៅចំណុចផ្សារដើមគរនេះ មានភាពចង្អៀតណែនទាំងការចរាចរណ៍ និងការធ្វើដំណើរថ្មើរជើងជាដើម ដែលធ្វើឱ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវទៅផ្សារម្ដងៗ។
« យើងឃើញថា អ្វីទាំងអស់នេះហើយជា សមិទ្ធិផលរបស់រាជរដ្ឋាភិបាល លោកតែងតែកិតគូរ ដល់ប្រជាពលរដ្ឋ ហើយខ្ញុំគិតឃើញថាស្ពានអាកាសថ្មើរជើងនេះ គឺសំខាន់មែនទែន មួយទៀត គាត់ធ្វើចំផ្លូវដែលចេញចូលច្រើនមែនទែន»។
លោកស្រីបានសំណូមពរដល់រាជរដ្ឋាភិបាលបន្តស្ថាបនាសាងសងស្ពានអាកាសនេះអោយបានច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិមានការអភិវឌ្ឍពីឆ្នាំទៅមួយឆ្នាំ។
សូមបញ្ជាក់ថា បច្ចុប្បន្នរាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង ៥ កន្លែង ក្នុងនោះស្ពានអាកាសថ្មើរជើងចំនួនពីរនៅទល់មុខសាលាជម្ពូវ័ន្តខណ្ឌពោធិ៍សែនជ័យ ស្ពានអាកាសថ្មើរជើងនៅភ្លើងស្តុបនាងគង្ហីង ស្ពានអាកាសថ្មើរជើងនៅមុខផ្សារដើមគរ និងស្ពានអាកាសថ្មើរជើងមួយកន្លែងទៀត នៅស្តុបសាលាបឋមសិក្សាសន្ធរម៉ុក ដែលកំពុងស្ថិតក្នុងការសាងសង់៕