អភិបាលខេត្តមណ្ឌលគិរីអំពាវនាវឱ្យថែរក្សាធនធានធម្មជាតិនៅតំបន់មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំ

វិទ្យុជាតិកម្ពុជា លោក ស៊ីផុន ហ៊ុងគ្រី មណ្ឌលគិរី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០


MC.អភិបាលខេត្តមណ្ឌលគិរីអំពាវនាវឱ្យថែរក្សាតំបន់មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំ ដើម្បីធ្វើការអភិវឌ្ឍជាតំបន់ទេសចរណ៍ដ៏គួអោយទាក់ទាញ។
ក្នុងពិធីអបអរសាទរ រុក្ខទិវា ០៩ កក្កដា នៅបរិវេណភ្នំដោះក្រមុំ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់ សុខដុម ក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះឯកឧត្តម អភិបាលខេត្តបានណែនាំដល់មន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ ក៏ដូចជានៅតំបន់ធនធានធម្មជាតិមួយចំនួនក្នុងខេត្ត ដើម្បីរួមគ្នាថែរក្សា ការពារ និងអភិវឌ្ឍន៍ព្រៃឈើ ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ជាតិ ជាពិសេស ប្រែក្លាយតំបន់នេះ ឱ្យមានគម្រប បៃតងស្រស់បំព្រង និងមានសោភ័ណបរិស្ថានល្អផងដែរ។
ឯកឧត្តមបញ្ជក់ថា ភ្នំដោះក្រមុំ គឺជាភ្នំប្រវត្តិសាស្រ្ត សម្រាប់ខេត្តមណ្ឌលគិរី ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកំសាន្តនៅលើភ្នំ ដើម្បីស្រប់យកខ្យល់អាកាសបរិសុទ្ធ ហើយក៏ជាកន្លែងដ៏ស័ក្កិសិទ្ធ សម្រាប់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលមានជំនឿ តែងតែគោរពបូជា និងបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក ជាពិសេស បារមីលោកតាស្រុះ យាយផ្លុំ ភ្នំដោះក្រមុំ សុំសេចក្តីសុខសេចក្តីចម្រើនផងដែរ។
ឯកឧត្តម បន្ថែមថា ក្នុងនាមអាជ្ញាធរខេត្ត ក៏ដូចជាគណៈកម្មការមជ្ឈមណ្ឌលវប្បធម៌ភ្នំដោះក្រមុំ នឹងខិតខំកែលំអរ បរិស្ថាននៅជុំវិញបរិវេណភ្នំដោះក្រមុំ ឱ្យកាន់តែមានភាពស្រស់បំព្រង អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកំសាន្តនៅខេត្តមណ្ឌលគិរី និងចូលរួមថែរក្សាការពារបរិស្ថាននៅជុំវិញភ្នំដោះក្រមុំ ដូចជា ការដាំដុះដើមស្រស់ ដើមក្ងោក និងដាំកូនឈើមួយចំនួនបន្ថែមទៀត។
ដោយឡែកក្នុងពិធីបុណ្យ រុក្ខទិវា នាពេលនេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានជ្រើសរើសយកកូនឈើប្រភេទស្រល់ សរុបចំនួន ១០០០ដើម ដើម្បីយកមកដាំនៅបរិវេណមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច ភ្នំដោះក្រមុំ និងបានផ្តល់កូនឈើ ជូនដល់កងកម្លាំងចម្រុះមន្រ្តីរាជការ និងប្រជាពលរដ្ឋ ដើម្បីបំផុសឱ្យចូលរួមស្រលាញ់ធនធាតិធម្មជាតិ និងស្រលាញ់បរិស្ថានផងដែរ៕