វិមានក្រឹមឡាំងរិះគន់ចំពោះការវាយប្រហារទៅលើក្រុមអ្នកសារព័ត៌មានរុស្ស៊ី ដោយប៉ូលិសអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០​ — អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយដោយអត្ថាធិប្បាយទៅលើឧប្បត្តិហេតុដែលកើតឡើងលើបុគ្គលិកសារព័ត៌មាននៃ Channel One របស់ប្រទេសរុស្ស៊ី ដែលត្រូវបានវាយប្រហារដោយមន្រ្តីអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកថា ប្រទេសរុស្ស៊ីរំពឹងថា សហរដ្ឋអាមេរិកនឹងចាត់វិធានការយ៉ាងហ្មត់ចត់ដើម្បីធានាសន្តិសុខផ្ទាល់ខ្លួនដល់អ្នកសារព័ត៌មានរុស្ស៊ី។

លោកបាននិយាយថា «យើងមើលឃើញថា ជាការវាយប្រហារដ៏អាក្រក់ចំពោះអ្នកសារព័ត៌មានរុស្ស៊ីដោយប៉ូលិសសហរដ្ឋអាមេរិក។ យើងរំពឹងថា អាជ្ញាធរសហរដ្ឋអាមេរិកនឹងចាត់វិធានការយ៉ាងហ្មត់ចត់ ដើម្បីធានានូវសន្តិសុខផ្ទាល់ខ្លួនរបស់អ្នកសារព័ត៌មានរុស្ស៊ី និងបង្កើតលក្ខខណ្ឌត្រឹមត្រូវសម្រាប់ការងារគ្មានការរឹតត្បិតរបស់ប្រព័ន្ធផ្សព្វផ្សាយជាទូទៅ»។

ការិយាល័យសារព័ត៌មាន Channel One បាននិយាយថា ក្រុមអ្នកផលិតខ្សែភាពយន្តរបស់ខ្លួនបានរងរបួសនៅក្នុងការវាយប្រហារដោយ «បុរសក្លែងបន្លំម្នាក់» នៅក្នុងទីក្រុង Portland របស់សហរដ្ឋអាមេរិក ដែលនៅទីនោះមានការតវ៉ាបានបន្តធ្វើចាប់តាំងពីមរណភាពរបស់លោក George Floyd នៅទីក្រុង Minneapolis កាលពីចុងខែឧសភា៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)