កិច្ចសន្ទនាពិភាក្សាអំពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើបណ្តាប្រទេសដែលកំពុងមានជម្លោះ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០​ — ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចពិភាក្សាអន្តរកម្មមួយកាលពីនៅថ្ងៃទី ២២ ខែកក្កដា ជាមួយអ្នកតំណាងនៃគណៈកម្មាធិការកសាងសន្តិភាព (PBC) ដើម្បីពិនិត្យមើលផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើបណ្តាប្រទេសមួយចំនួនដែលកំពុងមានជម្លោះ។

កិច្ចពិភាក្សាតាមសន្និសីទវីដេអូនេះ ត្រូវបានសហការរៀបចំដោយប្រទេសអាល្លឺម៉ង់ ឥណ្ឌូណេស៊ី នីហ្សេរីយ៉ា និងអង់គ្លេស ហើយក៏មានការចូលរួមដោយអ្នកតំណាងមកពីកាណាដា ក្នុងនាមជាប្រធាន PBC កូឡុំប៊ីនិងជប៉ុន ក្នុងនាមជាអនុប្រធាន PBC និងជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិសម្រាប់ គាំទ្រដល់ការកសាងសន្តិភាព លោក Oscar Fernandez-Taranco។

បណ្តាអ្នកតំណាងនៃ PBC បាននិយាយថា ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ គឺជាបញ្ហាដ៏អាក្រក់នៅក្នុងបណ្តាប្រទេសមួយចំនួនដែលកំពុងមានជម្លោះ ដោយចង្អុលបង្ហាញថា វិបត្តិមនុស្សធម៌ និង      កង្វះស្បៀងអាហារបានកើនឡើង សេដ្ឋកិច្ចជាច្រើនកំពុងដួលរលំ ការបោះឆ្នោតត្រូវបានពន្យារពេល ហើយវិសមភាពកាន់តែធ្ងន់ធ្ងរ។

ជំនួយការអគ្គលេខាធិការ លោក Oscar Fernandez-Taranco បានបញ្ជាក់អំពីផលប៉ះពាល់ជាក់ស្តែងនៃជំងឺរាតត្បាតនេះទៅលើសន្តិភាព និងសន្តិសុខ ដោយលោកបាននិយាយថា វាបានធ្វើឱ្យការងាររបស់អង្គការសហប្រជាជាតិ រួមមានតួនាទីអន្តរការី និងការកសាងសន្តិភាព កាន់តែមានភាពពិបាក។

នៅក្នុងកិច្ចពិភាក្សានេះ រដ្ឋជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសាទរចំពោះសកម្មភាពដែល PBC បានអនុវត្តនាពេលកន្លងមកដើម្បីទប់ទល់នឹងជំងឺរាតត្បាតនេះ។ ពួកគេបានឯកភាពគ្នាក្នុងការត្រូវការវិធីសាស្រ្តរួម និងគ្រប់ជ្រុងជ្រោយដោយយកចិត្តទុកដាក់ទៅលើការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងចំណោមទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអាទិភាពដែលបានផ្តល់ដល់ក្រុមងាយរងគ្រោះព្រមទាំងការលើកកម្ពស់តួនាទីរបស់សហគមន៍មូលដ្ឋានផងដែរ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)