ប្រទេសសិង្ហបុរី និងសហភាពអឺរ៉ុបជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ ចំពេលដែលកំពុងមានជំងឺរាតត្បាត

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០​ — អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) និងទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍របស់សហភាពអឺរ៉ុប (Easa) នឹងសហការគ្នាដើម្បីបង្កើតស្តង់ដាររួមមួយដើម្បីជំរុញការធ្វើដំណើរតាមអាកាសប្រកបដោយសុវត្ថិភាព ចំពេលដែលកំពុងមានការរីករាលដាលនៃជំងឺកូវីដ-១៩។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់ CAAS និង Easa បាននិយាយថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការដែលពួកគេបានចុះហត្ថលេខានឹងជួយបង្កើនទំនុកចិត្ត ដល់អ្នកដំណើរក្នុងការជួយសម្រួលដល់ការងើបឡើងវិញនៃការធ្វើដំណើរតាមផ្លូវអាកាសរវាងសិង្ហបុរី និងអឺរ៉ុប។

វានឹងគ្របដណ្តប់ទៅលើវិធានការណ៍មួយចំនួន ដូចជាការអនុវត្តគម្លាតសង្គម ការពង្រឹងនូវអនាម័យ ក៏ដូចជាការបោសសម្អាតគ្រឿងបរិក្ខារឱ្យកាន់តែខ្លាំងក្លាថែមទៀត។ កិច្ចសហប្រតិបត្តិការនេះ គឺជាកិច្ចសហប្រតិបត្តិការដំបូងគេនៅអាស៊ី។

កិច្ចព្រមព្រៀងនេះក៏នឹងបង្ហាញនូវការគាំទ្ររបស់ CAAS និង Easa ដល់ការចូលរួមរបស់បណ្តាក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA) និងក្រុមហ៊ុនអាកាសយានដ្ឋាន Changi Airport Group (CAG) ក្នុងធម្មនុញ្ញឧស្សាហកម្មអាកាសចរណ៍ Easa ដែលជំរុញគោលការណ៍ណែនាំដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺ    កូវីដ-១៩ ផងដែរ។

អគ្គនាយក CAAS លោក Kevin Shum បាននិយាយថា កិច្ចសហការនេះ គឺមានភាពចាំបាច់ និងទាន់ពេលវេលាក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ឧស្សាហកម្មអាកាសចរណ៍ ក្នុងការដោះស្រាយបញ្ហាដែលបណ្តាលមកពីជំងឺរាតត្បាត។

នាយកប្រតិបត្តិ Easa លោក Patrick Ky បាននិយាយថា កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានទៅមុខដ៏សំខាន់មួយក្នុងការបង្កើនទំនុកចិត្តអ្នកដំណើរក្នុងការហោះហើររវាងអឺរ៉ុប និងសិង្ហបុរី។

នៅក្នុងសេចក្តីប្រកាសដាច់ដោយឡែកមួយបានឱ្យដឹងថា CAAS និងមន្ទីរពេទ្យ Changi General Hospital (CGH) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីសហការគ្នាក្នុងការបង្កើតមជ្ឈមណ្ឌល ពិនិត្យសុខភាពអាកាសចរណ៍ស៊ីវិលនៅអាកាសយានដ្ឋាន Changi ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)