ប្រទេសចិនបដិសេធការស្នើសុំរបស់សហរដ្ឋអាមេរិកដើម្បីបិទស្ថានកុងស៊ុលនៅហ៊ូស្តុន

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០​ — កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិនបាននិយាយថា ការស្នើសុំរបស់សហរដ្ឋអាមេរិកដើម្បីបិទស្ថានកុងស៊ុលចិននៅហ៊ូស្តុន នឹងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងទ្វេភាគី ដោយបានហៅសកម្មភាពនេះថា «ជាការបំផ្លាញស្ពានមិត្តភាពរវាងប្រជាជនចិន និងអាម៉េរិក»។

ស្ថានកុងស៊ុលចិននៅហ៊ូស្តុន គឺជាការិយាល័យទីមួយដែលបានបង្កើតឡើងដោយចិននៅសហរដ្ឋ អាមេរិក បន្ទាប់ពីការបង្កើតទំនាក់ទំនងការទូត។

មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបានអះអាងកាលពីថ្ងៃពុធថា សកម្មភាពនេះ គឺដើម្បីការពារកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិក និងព័ត៌មានឯកជនរបស់ជនជាតិអាម៉េរិក។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា បេសកកម្មការទូតចិននៅសហរដ្ឋអាមេរិក រួមទាំងអគ្គកុងស៊ុលនៅហ៊ូស្តុនផងដែរបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនទាំងពីរ ហើយតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ និងគោលការណ៍ច្បាប់ក្នុងស្រុកដើម្បីអនុវត្តភារកិច្ចរបស់ពួកគេ។

លោក Wang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា ក្នុងរយៈពេលជាង ៤ទសវត្សរ៍មកនេះ អគ្គកុងស៊ុលបានធ្វើការងារយ៉ាងច្រើនក្នុងការលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមកក្នុងចំណោមសហគមន៍ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗគ្នារវាងប្រទេសទាំងពីរ។

អ្នកនាំពាក្យរូបនេះបាននិយាយថា «ការអះអាងរបស់សហរដ្ឋអាមេរិកអំពីការចូលរួមរបស់អគ្គកុងស៊ុលនៅក្នុងសកម្មភាពដែលមិនស្របនឹងកាតព្វកិច្ចរបស់ខ្លួន គឺជាការនិយាយបង្កាច់បង្ខូចសុទ្ធសាធ»។

លោក Wang បានស្តីបន្ទោសដល់សហរដ្ឋអាមេរិកថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ និងបទដ្ឋានមូលដ្ឋានក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ក៏ដូចជាកិច្ចព្រមព្រៀងកុងស៊ុលទ្វេភាគី។ លោក Wang បាននិយាយបន្ថែមថា វាកំពុងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ចំណងទាក់ទងទ្វេភាគី ដោយលោកបានហៅវាថា ជាការទម្លាក់ចោលនូវស្ពានមិត្តភាពរវាងប្រជាជនចិន និងប្រជាជនអាម៉េរិក៕

(ប្រភព Xinhua បកប្រែដោយលោក យា ចិន្តាខន្តី)