ចិននឹងពិចារណាមិនទទួលស្គាល់លិខិតឆ្លងដែនបរទេសថ្នាក់ជាតិអង់គ្លេសថា ជាឯកសារធ្វើដំណើរ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០​ — ប្រទេសចិនបាននិយាយពីថ្ងៃ ព្រហស្បតិ៍នៅក្រុងប៉េកាំងថា ខ្លួនកំពុងធ្វើការពិចារណាមិនទទួលស្គាល់លិខិតឆ្លងដែន​បរទេសថ្នាក់ជាតិអង់គ្លេស  ( BNO ) ថា ជាឯកសារធ្វើដំណើរមានសុពលភាព នៅពេលដែលភាគីអង់គ្លេសបានរំលោភរួចស្រេចហើយលើការសន្យារបស់ខ្លួនស្តីពីបញ្ហានេះ​ ។

អ្នកនាំពាក្យក្រសួងការបរទេសលោក  Wang Wenbin បាននិយាយនៅឯសន្និសីទសារព័ត៌មានជាទៀតទាត់មួយថា ដោយមិនគិតពីតំណាងយ៉ាងឱឡារិករបស់ប្រទេសចិននោះ ភាគីអង់គ្លេសបានទទូចចូលរួមក្នុងការប្រើប្រាស់យ៉ាងប៉ិនប្រសប់ខាងនយោបាយ ស្តីពីបញ្ហាដែលមានជាប់ទាក់ទងដល់លិខិតឆ្លងដែន BNO   ។

កាលពីថ្ងៃពុធ  រដ្ឋាភិបាលអង់គ្លេសបានចេញសេចក្តីថ្លែងការណ៍នយោបាយមួយស្តីពីទិដ្ឋាការ ( បរទេស ) ថ្នាក់ជាតិ​ហុងកុង ដោយប្រកាសថា ខ្លួននឹងផ្លាស់ប្តូរការរៀបចំអ្នកកាន់លិខិតឆ្លងដែន  BNO ព្រមទាំងពន្យារសិទ្ធិរយៈពេលស្នាក់នៅរបស់ពួកគេ  ។ វិធានការដែលមានជាប់ទាក់ទងនេះ នឹងចូលជាធរមានក្នុងខែមករា ឆ្នាំ ២០២១  ។

លោក Wang  បាននិយាយថា ទង្វើរបស់អង់គ្លេសបានរំលោភយ៉ាងជាក់ស្តែងការសន្យារបស់អង់គ្លេស , រំលោភលើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋាន នៃ​ទំនាក់ទំនងអន្តរជាតិ ព្រមទាំងចូលជ្រៀតជ្រែកក្នុងកិច្ចការហុងកុង នឹងកិច្ចការក្នុងស្រុករបស់ចិន  ហើយចិននឹងប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះ ទង្វើបែបនេះ​ ។

លោក Wang  បាននិយាយបន្ថែមថា ភាគីចិននឹងរក្សាសិទ្ធិ ដើម្បីចាត់វិធានការតទៅទៀត ៕

(ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )