អត្រាភាពក្រីក្រនៅក្នុងប្រទេសឥណ្ឌូណេស៊ីមានការកើនឡើងដោយសារតែជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០​ — យោងតាមស្ថិតិឥណ្ឌូណេស៊ី (BPS) បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីបានមើលឃើញនូវអត្រាភាពក្រីក្រមានការកើនឡើងពី ៩,២២ភាគរយកាលពីខែកញ្ញា ដល់ ៩,៧៨ភាគរយនៅក្នុងខែមីនា ជាមួយប្រជាជន ២៦,៤២លាននាក់ដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រគិតត្រឹមខែមីនា។

BPS បាននិយាយថា ប្រជាជនឥណ្ឌូណេស៊ីប្រមាណ ១,៦៣លាននាក់បានធ្លាក់ចូលក្នុងភាពក្រីក្រកាលពីខែមីនាដោយសារជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនក្រីក្រនៅទូទាំងប្រទេស។

លោក Suhariyanto ប្រធាន BPS បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីកាលពីពេលថ្មីៗនេះថា « ជំងឺរាតត្បាតកូវីដ-១៩ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ច និងជះឥទ្ធិពលអាក្រក់ដល់ជីវភាពរស់នៅរបស់ប្រជាជន»។

លោកបាននិយាយបន្តថា ការឡើងថ្លៃស្បៀងអាហារបានដើរតួនាទីយ៉ាងធំក្នុងការកើនឡើងនៃអត្រាភាពក្រីក្រ ដោយចង្អុលបង្ហាញអំពីតម្លៃអង្ករដែលជាកត្តាធំជាងគេ បន្ទាប់មក គឺបារី បសុបក្សី និងមី។

ខ្សែបន្ទាត់ភាពក្រីក្រថ្នាក់ជាតិត្រូវបានកំណត់ចំនួន ២,១លានរូពី (១៤៥,៨ដុល្លារអាមេរិក) នៃប្រាក់ចំណូលក្នុងមួយគ្រួសារក្នុងមួយខែ។

រដ្ឋាភិបាលឥណ្ឌូណេស៊ីរំពឹងថា ប្រជាជនចំនួន ៤លាននាក់នឹងធ្លាក់ក្រោមបន្ទាត់នៃភាពក្រីក្រនៅក្នុងឆ្នាំនេះ ដែលធ្វើឱ្យប្រជាជនក្រីក្រសរុបមានចំនួន ២៨លាននាក់នៅក្នុងប្រទេសនេះ ឬប្រហែល ១០,៦ភាគរយនៃប្រជាជនសរុប។

អនុលោមតាមអត្រាភាពក្រីក្រដែលកំពុងកើនឡើងនេះ សមាមាត្រហ្គីនីដែលឆ្លុះបញ្ចាំងពីវិសមភាពបានកើនឡើងដល់ ០,៣៨១ នៅក្នុងខែមីនា ពី ០,៣៨០ កាលពីក្នុងខែកញ្ញាឆ្នាំមុន ដោយសារគម្លាតរវាងអ្នកមាន និងអ្នកក្រនៅតែខ្ពស់ក្នុងពេលដែលកំពុងមានជំងឺរាតត្បាត។

រដ្ឋាភិបាលកំពុងត្រៀមកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចចំនួន ៦៩៥,២ទ្រីលានរូពី ដើម្បីការពារការធ្លាក់ចុះនៃសេដ្ឋកិច្ច និងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតមកលើសហគមន៍ក្រីក្រ តាមរយៈការពង្រឹងកម្មវិធីសំណាញ់សុវត្ថិភាពសង្គម និងប្រព័ន្ធថែទាំសុខភាពរបស់ប្រទេស៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)