ប្រទេសវៀតណាមជួយជំរុញសេដ្ឋកិច្ចរបស់អាស៊ានក្នុងពេលកំពុងមានជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០​ — កាសែត The Straits Times របស់ប្រទេសម៉ាឡេស៊ីបានរាយការណ៍ថា ស្របពេលដែលកំពុងមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ានបានរៀបចំបង្កើតផែនការស្តារសេដ្ឋកិច្ចយ៉ាងទូលំទូលាយនៅក្នុងតំបន់។

នេះជាភ័ស្ដុតាងជាក់ស្តែងចេញពីសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ដែលទើបតែបញ្ចប់ទៅនៅទីក្រុងហាណូយកាលពីថ្ងៃទី២៦ ខែមិថុនា ដែលប្រទេសវៀតណាមបានបង្ហាញនូវសេចក្តីក្លៀវក្លារបស់ខ្លួនក្នុងនាមជាសមាជិកអាយុ ២៥ឆ្នាំរបស់ប្លុកតំបន់នេះ។

កាសែតនេះបានដកស្រង់សំដីអ្នកការទូតវៀតណាមម្នាក់ដែលបាននិយាយថា ប្រទេសវៀតណាមមិនត្រឹមតែធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តក្នុងគ្រាដ៏លំបាកនេះប៉ុណ្ណោះទេ ប៉ុន្តែវៀតណាមបានទទួលជោគជ័យនូវខ្លឹមសារនៃកិច្ចប្រជុំកំពូលនៃ «ភាពស្អិតរមួល និងការទទួលខុសត្រូវអាស៊ាន» ផង    ដែរ។

កិច្ចប្រជុំកំពូលនេះ បាននាំសមាជិកអាស៊ានរួមគ្នាឆ្ពោះទៅរកសេចក្តីសម្រេចបាននូវវឌ្ឍនភាពនៃផែនការស្តារសេដ្ឋកិច្ចឡើងវិញគ្រប់ជ្រុងជ្រោយក្នុងតំបន់ក្រោយជំងឺកូវីដ-១៩។

មន្ត្រីរូបនេះបាននិយាយថា «ប្រទេសវៀតណាមបានចែករំលែកបទពិសោធន៍ដ៏មានតម្លៃ ២៥ឆ្នាំរបស់ខ្លួនក្នុងនាមជាសមាជិកអាស៊ានក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ជាមួយសមាជិកដទៃទៀត ដែលតំណាងឱ្យកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដើម្បីធានាបាននូវភាពធន់ និងនិរន្តរភាពពិភពលោក និងតំបន់»។

មន្ត្រីរូបនោះបានចង្អុលបង្ហាញថា ប្រទេសវៀតណាមបានចូលរួមវិភាគទានយ៉ាងសំខាន់ដល់អាស៊ានចាប់តាំងពីបានចូលជាសមាជិកអាស៊ានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥ មក ដោយទាក់ទងនឹងការធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងផ្តល់នូវឱកាសកាន់តែច្រើនសម្រាប់ការវិនិយោគ និងកំណើនសេដ្ឋកិច្ច៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)